Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ សហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ ជួយដល់ការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចក្នុងខេត្តសៀមរាប

សៀមរាប៖ ក្រសួងទេសចរណ៍ បានសហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ ដើម្បីជួយដល់ការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ក្នុងគោលបំណងគាំទ្រដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍយុវជនកម្ពុជា សំខាន់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញផ្សេងៗ នៅក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តនេះ ឱ្យកាន់តែមានសន្ទុះកាន់តែខ្លាំងក្លាឡើងថែមទៀត។

ថ្លែងក្នុងពិធីបើកសិក្ខាសាខាផ្សព្វផ្សាយស្តីពី«កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(HoKa) ក្រោមការគាំទ្ររបស់មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF)» ដល់ប្រតិបត្តិករ ទេសចរណ៍ក្នុងខេត្តសៀមរាប នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ តំណាងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសាន៍ថា អស់រយៈពេល៦ឆ្នាំមកហើយ ដែលមូលនិធិអភិវឌ្ឍន៍ជំនាញ បានគាំទ្រការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដោយកន្លងមកបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណៈកម្មកាគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ដោយមូលនិធិអភិវឌ្ឍន៍ជំនាញបានផ្តល់នូវឥណទានគាំទ្រដល់ការបណ្តុះ-បណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលមានទឹកប្រាក់សរុបចំនួន ២,៨៩លានដុល្លារ និងបានបណ្តុះបណ្ដាលអ្នក ជំនាញសរុបចំនួន៣.៦១៩នាក់។

លោកបន្តថា តាមរយៈកិច្ចសហប្រតិបត្តការនេះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងមូលនិធិអភិវឌ្ឍន៍ជំនាញ នឹងជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់អ្នកជំនាញទេសចរណ៍បានកាន់តែច្រើនបន្ថែមទៀត ជាពិសេសដល់ខេត្តគោលដៅរួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប កំពត ព្រះសីហនុ កំពង់ធំ និងកំពង់ចាម ដោយក្នុងនោះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា មានតួនាទីជាអ្នកផ្តួចផ្តើម (Mobilizer) ដោយ ភ្ជាប់ទំនាក់ទំនងរវាងប្រតិបត្តិករទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ឬស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ជាមួយមូលនិធិអភិវឌ្ឍជំនាញ និងគាំទ្រកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា និងគ្រូបង្គោល សម្រាប់សំណើគម្រោងដែលទទួលបានជោគជ័យ។ លោកបន្តថា ដោយមើលឃើញពីប្រសិទ្ធភាព គុណភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធរបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលបង្កលក្ខណៈឲ្យកម្មវិធីបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ហូកា មានកិត្តិនាម និងបានពង្រីកវិសាលភាពបណ្តុះបណ្តាលរហូតដល់១២ខេត្ត ទូទាំងប្រទេស និងបានធ្វើការយ៉ាងជិតស្និទជាមួយគ្រប់ភាគីពាក់ព័ន្ធដោយបានធ្វើការបណ្តុះបណ្ដាលអ្នកជំនាញទេសចរណ៍ ប្រមាណជាង ៤.១០០រូប ចាប់ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០២៣។

អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានថ្លែងថា ខេត្តសៀមរាប ជាប៉ូលទេសចរណ៍មួយដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិអេកូ-ទេសចរណ៍ជាច្រើនកន្លែងទៀត សម្រាប់ភ្ញៀវទេសរទស្សនាកម្សាន្ត។ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ និងដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយផ្នែកឯកជន ព្រមទាំងការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា ជាពិសេសការចូលរួមចំណែកគាំទ្រ ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើឱ្យវិស័យទេសចរណ៍ខេត្តសៀមរាបមានសន្ទុះអភិវឌ្ឍន៍រីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ នារយៈកាលកន្លងមក។ ដែលកក្តានេះ បានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យមានសន្ទុះយ៉ាងលឿនទៅមុខ។ ក្នុងក្នុងបរិការណ៍នេះ បេសកកម្មរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ ទទួលបន្ទុកកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច(HoKa) សម្រាប់ខេត្តសៀមរាប ក្រោមការគាំទ្ររបស់ «មូលនិធិអភិវឌ្ឍន៍ ជំនាញ(SDF)» ដែលបានរៀបចំកម្មវិធីនេះឡើង ដែលនេះជាសកម្មភាពមួយ ប្រកបដោយអាទិភាព នៅក្នុងកម្ពុជា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ ក្នុងក្របខណ្ឌ នៃការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញដល់កិច្ចអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងដើម្បីកំណើនការងារ សមធម៌ ឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅកម្ពុជា។

លោកអភិបាលរងបន្តថា ដូច្នេះការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(Hoka) សម្រាប់ខេត្តសៀមរាប ក្រោមការគាំទ្ររបស់ «មូលនិធិអភវឌ្ឍន៍ជំនាញ(SDF)» នាពេលនេះ គឺក្នុងន័យគាំទ្រដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍយុវជនកម្ពុជា សំខាន់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញផ្សេងៗ នៅក្នុងវិស័យទេសចរណ៍នៅកម្ពុជា ពិសេសក្នុងខេត្តសៀមរាប ឱ្យកាន់តែមានសន្ទុះកាន់តែខ្លាំងក្លាឡើងថែមទៀត៕