ព្រឹត្តិការណ៍ជាតិ

កូនឈើប្រណិត៨ប្រភេទប្រមាណជា១៥០០ដើមត្រូវបានដាំនៅប្រាសាទបន្ទាយក្តីជាបេតិកភណ្ឌមនុស្សជាតិ

សៀមរាប: កូនឈើប្រភេទ ក្រញូង ធ្នង់ បេង នាងនួន ឈើទាល ស្រឡៅ ពពេលនិងសុក្រម ចំនួន១៥០០ដើម ត្រូវបាននាំយកទៅដាំនៅរមណីយដ្ឋានអង្គរក្នុងបរិវេណប្រាសាទបន្ទាយក្តី ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយរដ្ឋបាលខេត្តសៀមរាប និងធនាគារស៊ីអាយអ៊ឹមប៊ីភីអិលស៊ី ដោយមានសមាសភាពចូលរួមដាំចនួនជាង៦០០នាក់ ជា ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត ប្រធានអនុប្រធានអង្គភាពមន្ទីរស្ថាប័នក្នុងខេត្ត មន្ត្រីអាជ្ញាធរជាតិអប្សរា ប្រធាន និងបុក្គលិកធនាគារស៊ីអាយអ៊ឹមប៊ីភីអិលស៊ី ក្រុមមេធាវីជួយការងារច្បាប់របស់អាជ្ញាធរជាតិអប្សរា នាព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖ការដាំកូនឈើនៅក្នុងឧទ្យាននេះ ជាប្រយោជន៍សម្រាប់ការរស់នៅនិងការអភិរក្សប្រាង្គប្រាសាទ រួមទាំងបម្រើឱ្យវិស័យទេសចរណ៍និងបង្កើតគម្របបៃតងដល់បរិស្ថានក្នុងតំបន់អអ្គរ ផងដែរ ព្រោះថា ដើមឈើ និងព្រៃឈើបានដើរតួនាទីដ៏សំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូ-ឡូស៊ី ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។
លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ីបានថ្លែងនូវមោទនភាព និង ដែលបានដឹកនាំបុគ្គលិកធនាការជាង៣០០នាក់ចូលរួមដាំ ស្របពេលនៃធនាគារ ស៊ីអាយអិម បានដំណើរការអាជីវកម្មរបស់ ហើយព្រឹត្តិកាណ៍ នាពេលនេះ គឺពិតជាកាន់តែពិសេស ពីព្រោះវាជាខួបលើកទី១០ របស់ ធនាគារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ន ធនាគារ ស៊ីអាយអិមប៊ី ស្ថិត ចំណោមធនាគារកំពូលទាំង១០ក្នុងប្រទេស បើគិតលើទំហំឥណទាន និងប្រាក់បញ្ញើ និង ស្ថិតក្នុងចំណោមធនាគារកំពូលទាំង៣ បើគិតលើភាពប្រាក់ចំណេញ។ លោក ប៊ុន យីន បន្តថា៖ជាការពិតណាស់ ការដាំដើមឈើឡើងវិញ មិនត្រឹមតែផ្តល់ផលវិជ្ជមាន ដល់បរិស្ថានប៉ុណ្ណោះទេ តែវាក៏ជានិមិត្តរូបដ៏មានខ្លឹមសារ ប្រកបដោយសុទិដ្ឋិនិយមរបស់ធនាគារ ស៊ី អាយអិមប៊ី ក្នុងគោលដៅបន្តវត្តមានយូរអង្វែងរបស់ខ្លួន នៅកម្ពុជា។ នាពេលអនាគត ស្របពេលដែលដើម ឈើទាំងនេះចាក់ឬសដ៏រឹងមាំ និងលូតលាស់បានល្អ យើងសង្ឃឹមជឿថា ធនាគារស៊ីអាយអិមប៊ី នឹងបន្តរីកចម្រើន ហើយសម្រេចបានសមិទ្ធផលថ្មីៗ បន្ថែមទៀត ដោយផ្តល់អត្ថប្រយោជន៍ ដល់បុគ្គលិក ព្រមទាំងអតិថិជនរបស់យើង។
អភិបាលរងខេត្ត លោក ពិន ប្រាកដ
បានមានប្រសាសន៍ថា៖ការដាំដើមឈើពិតមានអត្ថន័យសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋយើង ឱ្យចេះស្រឡាញ់ និងការពារព្រៃឈើ ចូលរួមដាំដុះ ក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ ប្រជាពលរដ្ឋយើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងការបង្កបង្កើនផលកសិកម្ម និង បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ នេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់យើងទាំងអស់គ្នា ក្នុងការស្តារព្រៃឈើឡើងវិញ។
លោក បន្តថា ការដាំឈើឡើងវិញ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ ថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈ ការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ ការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស និងជួយគាំពារផ្នែកបរិស្ថាន ព្រមទាំងផ្តល់នូវផលអនុផលព្រៃឈើ ជាច្រើនអនេកដល់ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ផ្ទាល់តែម្តង។ ការចូលរួមដាំដើមឈើនេះ ពិតជាបានឆ្លុះបញ្ចាំងនូវការភ្ញាក់រលឹករបស់ប្រជាជាតិយើងទាំងមូល ក្នុងការ ប្រឈម មុខដោះស្រាយគ្រោះមហន្តរាយបាត់បង់ព្រៃឈើ និងស្មារតីម្ចាស់ការ ទទួលខុសត្រូវលើជោគវាសនាអនាគតមាតុភូមិយើង សម្រាប់យើងជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយ ដើម្បីទប់ស្កាត់ នូវការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងនាមរដ្ឋបាល និងអាជ្ញាធរខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្ត អាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីចាប់យកដីព្រៃ សូមបញ្ឈប់ជាបន្ទាន់ ព្រោះ ការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើខុសច្បាប់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរ បំផុត ជាពិសេស ធ្វើឲ្យអន្តរាយដល់ធនធានធម្មជាតិ បរិស្ថាន និងបង្កឲ្យមាន គ្រោះធម្មជាតិកើតឡើង ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់មនុស្ស សត្វ និង សង្គមជាតិទាំងមូល។ ផ្ទុយទៅវិញ យើងត្រូវរួមសាមគ្គីគ្នា ដើម្បីបណ្ដុះឡើងវិញ នូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងទស្សនៈសន្សំសំចៃក្នុង ការប្រើប្រាស់ផល និងអនុផលព្រៃឈើគ្រប់ប្រភេទ ។ ចំពោះកូនឈើ ដែលបាន ដាំរួចហើយ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តារៀបចំផែនការសកម្មភាពក្នុង ការចូលរួមថែរក្សាឱ្យបានហ្មត់ចត់ជាប្រចាំ ដើម្បីធ្វើឱ្យកូនឈើទាំងនោះលូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ៕

Related Articles