បរិស្ថាន

ចំនួនសត្វផ្សោតទន្លេមេគង្គនៅថេរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ធ្វើឲ្យមានការព្រួយបារម្ភអំពីការផុតពូជវា

ខេត្តក្រចេះ៖ រដ្ឋបាលជលផលនៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ WWF កាលពីសប្ដាហ៍មុនបានប្រកាសជាផ្លូវការថា សត្វផ្សោតទន្លេមេគង្គបច្ចុប្បន្នមានចំនួនត្រឹមតែ ៨៩ ក្បាលប៉ុណ្ណោះ ដែលព័ត៌មាននេះបានបង្ហាញថាចំនួនសត្វផ្សោតស្ថិតនៅកម្រិតថេរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គិតចាប់តាំងពីរបាយការណ៍នៃជំរឿនសត្វផ្សោតឆ្នាំ២០១៧មក។ ការមិនមានចំនួនកើនឡើងរបស់សត្វកម្រមួយនេះ ត្រូវបានភាគីពាក់ព័ន្ធបង្ហាញនូវការព្រួយបារម្ភ ដោយបានអំពាវនាវឲ្យមានការចូលរួមបន្ថែមទៀតដើម្បីការពារការផុតពូជរបស់សត្វផ្សោតទន្លេមេគង្គ។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ក្រុមអ្នកពាក់ព័ន្ធបានបើកកិច្ចប្រជុំផ្សព្វផ្សាយថ្នាក់ខេត្តដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន។ ចុងបញ្ចប់នៃកិច្ចប្រជុំនេះ បានចេញសេចក្តីសន្និដ្ឋានមួយស្តីពីសេចក្តីត្រូវការចាំបាច់បន្ទាន់នូវវិធានការនិងការអនុវត្តសកម្មភាពរួមគ្នាឲ្យកាន់តែខ្លាំងក្លាជាងមុន ដើម្បីសង្រ្គោះសត្វផ្សោតទន្លេមេគង្គពីការផុតពូជ បន្ទាប់ពីអ្ននពាក់ព័ន្ធបានផ្សព្វផ្សាយខ្លឹមសារនៃរបាយការណ៍នៃការប៉ាន់ប្រមាណចំនួនសត្វផ្សោតក្នុងឆ្នាំ២០២០នេះ។ វិធានការរួមផ្តោតសារៈសំខាន់ និងភាពចាំបាច់ដែលអ្នកពាក់ព័ន្ធត្រូវលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូរវាងតួអង្គ និងភាគីសំខាន់ៗទាំងអស់សម្រាប់ការអភិរក្សសត្វផ្សោតទន្លេមេគង្គ។

ក្រៅពីស្តាប់ការបង្ហាញអំពីលទ្ធផលនៃការអភិរក្ស ការចែករំលែកនូវមេរៀននិងបទពិសោធន៍ដែលទទួលបានពីការអភិរក្ស នាពេលកន្លងមក ក៏ដូចជាលើកឡើងនូវគំនិតថ្មីៗសម្រាប់ជាការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ក្នុងការការពារសត្វផ្សោត ក្នុងកិច្ចប្រជុំនេះគេក៏បានពិភាក្សាផងដែរអំពីតួនាទីរបស់យុវជន និងសហគមន៍មូលដ្ឋានក្នុងការរួមចំណែកដល់ការការពារសត្វផ្សោតទន្លេមេគង្គនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវាឲ្យនៅគង់វង្ស។

កញ្ញា នុត ពិសិដ្ឋរចនា ជានិស្សិតឆ្នាំទី៣ នៃដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា៖ “ការចូលរួមចំណែកធានាការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាក្នុងនាមជាពលរដ្ឋកម្ពុជា។” កញ្ញាជាសមាជិកម្នាក់ក្នុងចំណោមក្រុមយុវជនអេកូយុវទូតចំនួន ១៥ នាក់ ដែលបានធ្វើទស្សនកិច្ចសិក្សានៅក្នុងតំបន់ជម្រកសត្វផ្សោតកាំពី ក្នុងគោលបំណងស្វែងយល់ដោយផ្ទាល់អំពីការអភិរក្សសត្វផ្សោត ស្របពេលដែលពិភពលោកបានកំពុងប្រារព្ធទិវាអន្តរជាតិនៃសត្វផ្សោតទឹកសាបថ្ងៃទី ២៤ ខែតុលា។ ទស្សនកិច្ចសិក្សាដែលត្រូវបានរៀបចំឡើងនិងសម្របសម្រួលដោយអង្គការ WWF ប្រចាំខេត្តក្រចេះ បានបញ្ចប់ហើយនាថ្ងៃនេះ។

កញ្ញាបានបន្ថែមទៀតថា៖ “តាមរយៈការចែករំលែកបន្ត និងផ្សព្វផ្សាយដោយសំណេរតាមប្រព័ន្ធឌីជីថល និងក្នុងក្របខ័ណ្ឌនៃកម្មវិធីឃោសនាផ្សេងទៀត អំពីចំណេះដឹង និងបទពិសោធន៍ដែលយើងខ្ញុំបានស្វែងយល់និងទទួលបានផ្ទាល់ពីដំណើរទស្សនកិច្ចនៅក្នុងតំបន់អភិរក្សសត្វផ្សោត នាងនិងសមាជិកក្រុមយុវជនទាំងអស់អាចរួមចំណែកដល់ការអភិរក្សសត្វផ្សោត តាមការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន អំពីសារៈសំខាន់របស់សត្វផ្សោតទន្លេមេគង្គ និងភាពចាំបាច់នៃការការពារសត្វផ្សោតដើម្បីជាតិរបស់យើង និងសម្រាប់ការចូលរួមទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋយើង។”

លោក ស្រ៊ុន លឹមសុង អគ្គនាយករងនៃរដ្ឋបាលជលផល បានមានប្រសាសន៍ថា៖ “ការងារអភិរក្សសត្វផ្សោតត្រូវការការចូលរួមរបស់យើងទាំងអស់គ្នា រួមទាំងយុវជនផងដែរដែលជាអ្នកមានតួនាទីសំខាន់មួយក្នុងការផ្សព្វផ្សាយ និង បញ្ជ្រៀបការយល់ដឹងអំពីការការពារសត្វផ្សោតនៅកម្ពុជា។” លោកបន្តថា៖ “កម្រិតនៃការចូលរួមរបស់យុវជននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយអំពីសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំនេះ បង្ហាញថាយុវជនកម្ពុជាច្រើនឡើងៗបានផ្តោតចំណាប់អារម្មណ៍លើការចូលរួមចំណែកការពារសត្វផ្សោតទន្លេមេគង្គ។”

សត្វផ្សោតទន្លេមេគង្គកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាបញ្ជីអន្តរជាតិថ្នាក់ខ្ពស់បំផុតនៃការចាត់ថ្នាក់ប្រភេទសត្វរងគ្រោះ ហើយសត្វផ្សោតទន្លេមេគង្គជាប្រភេទសត្វដែលត្រូវបានការពារយ៉ាងពេញលេញដោយច្បាប់ជលផលរបស់ព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ សត្វផ្សោតនៅតែបន្ដប្រឈមនឹងគ្រោះថ្នាក់ដោយសារការជាប់មងនេសាទ ការសាងសង់ទំនប់វារីអគ្គីសនីនៅចរន្ដទឹកខាងលើមេគង្គ ការនេសាទហួសកម្រិត និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាការឆក់ជាដើម ក្នុងចំណោមកត្តាគម្រាមកំហែងចំបងៗផ្សេងទៀត។
លោក សេង ទៀក នាយកអង្គការ WWF បានមានប្រសាសន៍ថា៖ “ការអនុវត្តវិធានការអភិរក្សរួមគ្នានាប៉ុន្មានឆ្នាំកន្លងមកនេះបានរួមចំណែកបន្ថយអត្រានៃការធ្លាក់ចុះនៃចំនួនសត្វផ្សោតបានមួយកម្រិត ប៉ុន្តែភាគីពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នាអនុវត្តវិធានការបន្ទាន់បន្ថែមទៀតដើម្បីធានាថាស្ថានភាព និងចំនួនសត្វផ្សោតអាចប្រសើរឡើងបាន។”៕

Related Articles