សន្តិសុខ-សង្គម​សេដ្ឋកិច្ច

ក្រុងសិរីសោភ័ណ មិនពាក់ម៉ាស មិនឲ្យចូលក្នុងផ្សារ ដំឡើងថ្លៃទំទិញ នឹងត្រូវបញ្ឈប់ការលក់ដូរ

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះបានដាក់វិធានការ អ្នកទិញអីវ៉ាន់មិនពាក់ម៉ាស មិនឲ្យចូលក្នុងផ្សារ ចំពោះអាជីវករមិនពាក់ម៉ាស ឬឆ្លៀតឱកាសដំឡើងថ្លៃទំទិញ នឹងត្រូវបញ្ឈប់ការលក់ដូរ។


លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានមានប្រសាសន៍ថា ចំពោះអ្នកដែលចូលផ្សារទិញអីវ៉ាន់ ត្រូវបាញ់កំដៅ និងពាក់ ម៉ាស បើគ្មានម៉ាសពាក់ទេ នឹងមិនអនុញ្ញាឲ្យចូលក្នុងផ្សារនោះឡើយ។ ចំណែកអាជីវករវិញ លក់ដូរក្នុងផ្សារមិនពាក់ម៉ាស និងត្រូវធ្វើការព្រមានធ្វើកិច្ចសន្យា ហើយមិនអនុវត្ត អាជ្ញាធរ ក៏ដូចជាម្ចាស់ផ្សារនីមួយៗនឹងមានវិធានការ ក្នុងការដកហូតតូប ឬស្តង់មិនអនុញ្ញាតឲ្យលក់ដូរទៅទៀតទេ។

លោកអភិបាលក្រុងបានបញ្ជាក់ថា អាជីវករត្រូវ អនុវត្តតាមសេចក្តីណែនាំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ដីពីវិធានការ ទប់ស្កាត់ការឡើងថ្លៃទំនិញប្រើប្រាស់ គ្រឿង ឧបភោគ បរិភោគគ្រប់ប្រភេទ និងឱសថ ក្នុងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ (covid-19)នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ បើពិនិត្យឃើញថាមានការលួចតំឡើងថ្លៃទំនិញ ថ្លៃលើស ឬថ្លៃហួសហេតុ និងត្រូវមានវិធានការផាក ឬបញ្ឈប់ ឬដកអាជ្ញាបណ្ណបណ្តោះអាសន្ន ឬស្ថាពរ ព្រមចាត់វិធានការតាមច្បាប់ជាធរមាន។

លោកអភិបាលក្រុង ក៏បានធ្វើការអំពាវនាវ ដល់ពលរដ្ឋត្រូវចូលរួម សហការគ្នាជាមួយអាជ្ញាធរ ក្នុងការអនុវត្តាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣កុំ និង៣ការពារ ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយធំ៕ (សៅនៅ)

Close