ព្រឹត្តិការណ៍ជាតិ

រដ្ឋបាលក្រុងប៉ោយប៉ែត បាញ់ថ្នាំសម្លាប់មេរោគ និងបន្ថែមវិធានការបិទខ្ទប់លើតំបន់មួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានបន្ដបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបន្ដប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

មន្ត្រីជំនាញសុខាភិបាលបានឲ្យដឹងថា ការចុះបាញ់ថ្នាំសម្លាប់មេរោគ និងការផ្សព្វផ្សាយអប់រំនេះគឺក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋទាំងអស់ស្វែងយល់អំពីវិធានការនានាដែលក្រសួងសុខាភិបាល បានណែនាំ និង ឲ្យប្រជាពលរដ្ឋចួលរួមធ្វើអនាម័យឲ្យបានស្អាតជាប្រចាំ និងធ្វើឡើងដើម្បីកាត់បន្ថយនៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍។ ហើយកិច្ចការនៃការបាញ់ថ្នាំសម្លាប់មេរោគនេះ នឹងធ្វើនៅគ្រប់ទីកន្លែងប្រជុំជនដែលផ្តោតសំខាន់ នៅតាមផ្សារនានានិងតាមទីរសាធារណៈនានា រួមទាំងតំបន់បិទខ្ទប់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតផងដែរ។

គួរបញ្ជាក់ថាការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងក្រុងប៉ោយប៉ែត ដែលរកឃើញវិជ្ជមាននៅលើបុរសជនជាតិឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ មន្ត្រីជំនាញនៅតែបន្តរកឃើញអ្នកមានវិជ្ជាមានកូវីដ១៩ជាបន្តបន្ទាប់ ធ្វើឲ្យអាជ្ញាធរសមត្ថកិច្ចបន្ថែមតំបន់បិទខ្ទប់។

ដើម្បីទប់ស្កាត់ការរីករាលដាលឲ្យកាន់តែមានប្រសិទ្ធភាព នៅថ្ងៃទី០៦ ខែឧសភា ម្សិលមិញនេះ រដ្ឋបាលខេត្តបានសម្រេចបន្ថែមបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នលើតំបន់មួយចំនួននៅក្នុងភូមិ ប្រជាធម្មលិច ភូមិប្រជាធម្មកើត និងភូមិគីឡូម៉ែត្រលេខ៤ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតផងដែរ។ ដោយឡែកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩លើប្រជាពលរដ្ឋ៥នាក់ រដ្ឋបាលខេត្តក៏សម្រេចបិទផ្សារម៉ាឡៃ ព្រមទាំងប្រកាសឲ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធចូលខ្លួនមកពិនិត្យសំណាកដើម្បីធ្វើតេស្តរកវិរុសកូវីដ-១៩ផងដែរ៕

Related Articles