បរិស្ថាន

ដើមពោធិ៍ដែលមានអាយុកាលរាប់រយឆ្នាំដែរដួលរលំ មិនមែនជាដើមពោធិ៍ប្រវត្តិសាស្ត្រស្នេហាទុំ និងទាវនោះទេ!

ខេត្តត្បូងឃ្មុំ៖ ដើមពោធិ៍ដ៏ធំមួយដើមដែលមានអាយុកាលរាប់រយឆ្នាំ ដែរគេហៅថាដើមពោធិ៍លោកតាក្រហម ‘‘ក’’ ដែលមានចម្ងាយប្រមាណ៧០ម៉ែត្រ ពីដើមពោធិ៍ប្រវត្តិសាស្ត្រ ប្រវត្តិស្នេហារវាងទុំ និងទាវ ដែលស្ថិតនៅភូមិជើងខាលឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានខ្យល់កន្រ្តាក់ បោកបក់ធ្វើឱ្យដួលរលំនៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា ខណៈមានការចែករំលែកព័ត៍មានជាបន្តបន្ទាប់ ដោយយល់ច្រលំថា ដើមពោធិ៍ដែលដួលរលំនោះជាដើមពោធិ៍ស្នេហាទុំទាវ។ ភ្លាមៗក្រោយដួលរលំ ក្រោមការណែនាំពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ពិសេសក្រោមការដាក់ចេញចំណាត់ការទាំងយប់របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ បានចាត់ឲ្យអាជ្ញាធរស្រុកសហការជាមួយមន្ទីរពាក់ព័ន្ធធ្វើការស្ទូចលើកដើម្បីរៀបចំដាំឡើងវិញ និងធ្វើការកែសម្រួលបន្តអភិរក្សតំបន់ប្រវត្តិសាស្ត្រនេះផងដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះ ភូមិសាស្រ្តខេត្តត្បូងឃ្មុំមានភ្លៀងធ្លាក់លាយជាមួយខ្យល់កន្ត្រាក់ជាប់ៗគ្នា ធ្វើឱ្យដើមឈើ ដំណាំ និងផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន ត្រូវបានដួលរលំ និងប៉ើងដំបូលរងការខូចខាតជាដំណំផងដែរ ៕

Related Articles