បរិស្ថានសន្តិសុខ-សង្គម​

ក្រុមឈ្មួញឆ្លៀតឱកាសរកស៊ីដឹកដើមឈើឆ្លងដែនទៅប្រទេសវៀតណាម ខណៈអាជ្ញាធរកំពុងរវល់ទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ ក្រុមឈ្មួញរកស៊ីឈើចាប់កម្រើកទៀតហើយនាំគ្នាដឹកឆ្លងដែនចេញទៅប្រទេសវៀតណាម គគ្រឹកគគ្រេងប៉ុន្មានថ្ងៃនេះសង្ស័យសមត្ថកិច្ចជួយជូនដំណើរទៅយ៉ាងរលូន ដោយបានឆ្លងដែនទៅប្រទេសវៀតណាមនៅវេលាម៉ោង ០២ និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចច្រករបៀងសំយ៉ោងឃុំសំយ៉ោងស្រុកកំពង់រោទ៌។

បើតាមសមត្ថកិច្ចនគបាលស្រុករមាសហែកបានឲ្យដឹងថា ក្រុមឈ្មួញបានដឹកឈើ និងដើមឈើធំៗ ពីខេត្តនានាចូលមកស្តុកទុកនៅតាមផ្ទះជាប់ផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក បន្ទាប់មកនៅវេលម៉ោង ០៩ទៅ១០យប់ ពួកឈ្មួញបានដឹកបន្តឆ្លងដែនទៅប្រទេសវៀតណាម ចេញតាមច្រករបៀងក្នុងស្រុករមាសហែក និងស្រុកកំពង់រោទ៌។

ទាក់ទិននឹងករណីនេះដែរ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានបញ្ជាក់កាលពីរសៀលថ្ងៃទី០២ ខែកក្កដាថា លោកបានឲ្យមន្ត្រីសាលាស្រុកសហការជាមួយមន្ត្រីនគបាលចុះទៅផ្ទះស្តុកដើមឈើ មួយកន្លែងនៅភូមិថ្នល់ពាម ដើម្បីសាកសួរ ម្ចាស់ផ្ទះបានប្រាប់ថា ឈើដែលស្ទូចលើកដាក់លើរថយន្តនេះពួកគេបម្រុងដឹកចេញទៅលក់ឲ្យអ្នកស្រុកខេត្តព្រៃវែងដាំលម្អរផ្ទះ។ លុះដល់ពេលយប់លោកដាក់កម្លាំងសមត្ថកិច្ចដើម្បីស្ទាក់ឃាត់សួររកច្បាប់ទម្លាប់ ក៏ប៉ុន្តែពួកឈ្មួញទំនងដឹងខ្លួនទើបមិនដឹកដើមឈើចេញ រហូតដល់ម៉ោង ០៩យប់ ថ្ងៃទី០៣ ខែកក្កដា ឈ្មួញដឹកដើមឈើចេញមកស្រុករំដួលឆ្លងកាត់ក្រុងស្វាយរៀងហើយចេញទៅតាមផ្លូវជាតិលេខ១ រួចចុះតាមផ្លូវជាតិលេខ៣១៤D ឆ្ពោះទៅស្រុកកំពង់រោទ៌។

ជាមួយគ្នានោះ ពលរដ្ឋនៅតំបន់នោះបានលើកឡើងថា គេឃើញមានសមត្ថកិច្ច ឃាត់រថយន្តដឹកឈើខាងលើ ពិនិត្យបានមួយដង្ហើមចង្រឹតស្រាប់តែឲ្យចេញទៅយ៉ាងរលូន។

ជុំវិញបញ្ហាខាងលើនេះ លោកប្រធានប៉ុស្ត៍វរៈការពារព្រំដែន នៃតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ប្រចាំច្រករបៀងសំយ៉ោង បានឲ្យដឹងថា លោកបានសុំច្បាប់មេដោយជាប់ធ្វើចត្តាឡីសក័នៅផ្ទះ៧ថ្ងៃហើយ ក៏ប៉ុន្តែពិតជាមានករណីឈ្មួញនាំដើមឈើចេញទៅប្រទេសវៀតណាមមែន គឺខាងវៀតណាមយកត្រាក់ទ័រចូលមកដឹក។

បើតាមមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ដើមម្ជូរអំពឹល និងដើមទឹកដោះ ដឹកចេញតាមវាលខាងកើតប៉ុស្ត៍ច្រករបៀង ចេញទៅប្រទេសវៀតណាមអស់ហើយ។ ហើយនេះ គឺជាទីតាំងស្តុកដើមឈើ និងគល់ឈើធំៗ មានដើមកកោះ ដើមធ្នង់ ដើមសុក្រម និងដើមឈើ ប្រណិតជាច្រើនមុខទៀតដែលឈ្មួញដឹកមកស្តុកទុកមុននិងដឹកចេញទៅប្រទេសវៀតណាម។ ជាមួយនោះឈ្មួញចាប់ផ្តើមនាំឈើ និងដើមឈើចេញទៅប្រទេសវៀតណាម ជិត១ខែមកហើយខណៈអាជ្ញាធរកំពុងរវល់ចុះអប់រំប្រជាពលរដ្ឋនិងស្រាវជ្រាវ អ្នកវិជ្ជមានកូវីដ-១៩ ឈ្មួញឆ្លៀតឱកាស់នាំដើមឈើចេញយ៉ាងរលូនតែម្តង៕

Close