បរិស្ថាន

ខណៈពេលកូវីដវាយលុកខ្លាំងធ្វើឲ្យសកម្មភាពដឹកឈើមានកាន់តែសម្បើមក្នុងស្រុកអូរជុំ

ខេត្តរតនគិរី៖ មានក្រុមម៉ូតូកែឆ្នៃជាច្រើនគ្រឿងកំពុងតែសំរុកដឹកឈើចេញពីតំបន់មួយចំនួនទឹកដីស្រុកវ៉ើនសៃ និងស្រុកអូរជុំហើយចូលមកស្តុបលាក់ទុកក្នុងក្រុងបានលុង និងបន្តដឹកទៅប្រទេសវៀតណាមតាមរថយន្តសាំយុង ខណៈដែលជំងឺកូវីដ-១៩ កំពុងតែផ្ទុះឡើង ហើយសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់មិនមានវិធានការបង្ក្រាប។

តាមប្រភពបានបង្ហើបថា ជារៀងរាល់យប់គេសង្គេតឃើញមានម៉ូតូកែឆ្នៃជាច្រើនគ្រឿងកំពុងសំរុកដឹកឈើយ៉ាងទ្រហឹងរំពងរំខានដល់ដំណេកអ្នកស្រុក ហើយឆ្លងកាត់ចេញពីទីរួមស្រុកអូរជុំនាវេលាយប់ជ្រៅរហូតទល់ភ្លឺមិនក្រោមពី៤០ទៅ៥០គ្រឿងឡើយ។ ឈើដែលក្រុមឈ្មួញដឹកជញ្ជូននោះភាគច្រើនជាប្រភេទឈើលេខមួយ ដែលគេអារជ្រៀកជាសន្លឹកបន្ទះមានមុខកាត់ធំៗ ដឹកចូលក្រុងបានលុងហើយបង្កប់តាមរថយន្តសាំយុងដែលគេឆ្នៃដំបូល និងក្រោមបាតរថយន្តរួចជាស្រេចបន្លំធ្វើជាដឹកបាវធ្យូងតិចតួច ឆ្ពោះទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវយ៉ាងរភើយផងដែរ។

ប្រភពដដែលបង្ហើបទៀតថា ក្នុងសកម្មភាពដឹកជញ្ជូនយ៉ាងគគ្រឹកគ្រេងនោះដែរ ក៏ក្រុមសមត្ថកិច្ចលួចច្មក់បង្ក្រាបបានតែប៉ះចំក្រុមមេក្លោងធំម្នាក់ ដែលប្រកបរបរដឹកឈើតាមម៉ូតូប្រចាំស្រុកអូរជុំ និងជាអ្នកផ្គត់ផ្គង់ឈើឱ្យក្រុមឈ្មួញរយន្តសាំយុងជាច្រើននៅក្រុងបានលុងនោះជាយូឆ្នាំទៀតផង។ ក្រុមសមត្ថកិច្ចគ្រាន់តែដឹងថា មេក្លោងធំនោះឈ្មោះ តុង ហាន ក៏ដើរចេញទៅវិញអស់បណ្តែតបណ្តោយឱ្យក្រុមម៉ូតូកែឆ្នៃដឹកឈើរៀងរាល់យប់ដោយរលូន។ នៅក្នុងក្រុមម៉ូតូកែឆ្នៃដឹកឈើនោះ ក៏មានក្រុមឈ្មួញជាច្រើនទៀតផងដែរដែលធ្វើសកម្មភាពដឹកជញ្ជូនអែបៗតាមជាមួយមេក្លោងធំខាងលើនោះ។

ប្រភពមួយទៀតបង្ហើបថា ក្រៅពីមានក្រុមម៉ូតូដឹកឈើក៏នៅមានរថយន្តសាំយុងមួយគ្រឿងទៀត ពណ៌សពាក់ស្លាកលេខភ្នុំពេញ2A.7824 ដែលតែងដឹកជញ្ជូនឈើចេញពីស្រុកវ៉ើនសៃជារៀរាល់ថ្ងៃចូលក្រុងបានលុងនេះ។ មជ្ឈដ្ឋានក្នុងក្រុងក៏ដូចជាតាមស្រុកក៏កំពុងរងចាំមើល តើបន្ទាប់ពីមានបំរាមគោចរសកម្មភាពដឹកជញ្ជូនឈើពេលយប់នោះមានការបង្ក្រាប់ដែរទេ៕

Close