សន្តិសុខ-សង្គម​

នគរបាលការពារព្រំដែន ឃាត់ខ្លួនពលរដ្ឋខ្មែរ៦នាក់លួចហែលទឹកអូរឆ្លងដែនពីថៃមកកម្ពុជាដោយខុសច្បាប់

បន្ទាយមានជ័យ៖ ឃាត់ខ្លួនពលរដ្ឋរស់នៅផ្សាររ៉ុងក្លឿ ចំនួន៦នាក់ លួចហែលទឹកឆ្លងអូរព្រំដែន ពីប្រទេសថៃ ចូលមកកម្ពុជា ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨៩១ ប៉ុស្តិ៍ក្បាលស្ពានធ្វើការឃាត់ខ្លួន បញ្ជូនទៅធ្វើចត្តាឡីស័ក។ ហេតុការណ៍ឃាត់ខ្លួនពលរដ្ឋប្រុស.ស្រីទាំង៦នាក់នេះ កើតឡើងនៅវេលាម៉ោង៤.២០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចគោលដៅរោងម៉ាស៊ីនរបស់ក្រុមហ៊ុនក្រេនដាយម៉ន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលកងកម្លាំងចុះល្បាតតាមព្រំដែន ដើម្បីការពារទប់ស្កាត់ការលួចឆ្លងដែនពីសំណាក់ពលករលួចឆ្លងដែនខុសច្បាប់ក្នុងគោលបំណងទប់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ស្រាប់តែប្រទះឃើញពលករទាំងនោះ លួចហែលទឹកឆ្លងដែន ទើបធ្វើការឃាត់ខ្លួនសួរនាំទើបដឹងថា ពួកគាត់ជាអាជីវករនៅក្នុងផ្សាររោងគ្លឿ នៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលពួកគាត់ទាំង៦នាក់នេះ មានទីលំនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្រោយពីរឃាត់ខ្លួនប្រជាពលរដ្ឋខាងលើលោក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១ បានស្នើរសុំឲ្យរថយន្តក្រុមការងារទប់ស្កាត់មេរោគកូវីដ-១៩ ពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បីដឹកពួកគាត់យកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅចំណុចសំចត(CQ2) បើមានវិជ្ជមាន នឹងយកទៅព្យាបាល បើមិនមានទេ និងយកទៅធ្វើចត្តាឡីស័ក ពិនិត្យតាមដានជំងឺ នៅវិទ្យាល័យនិមិត្ត ស្ថិតក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ សៅ នៅ

 

Close