Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជប៉ុនបន្តផ្តល់ជំនួយលើការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងសម្ភារៈក្នុងការងារជួសជុលនិងអភិរក្សរមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក

សៀមរាប៖  ប្រទេសជប៉ុន បានអះអាងថា នឹងបន្តផ្តល់ជំនួយលើការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងសម្ភារៈ ក្នុងការងារជួសជុលអភិរក្សរមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប និងរមណីយដ្ឋានសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសនិងជាតំណាងរាស្ត្រជប៉ុន លោក Masahiro Komura បានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣០ របស់គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការUNESCO នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ នេះថា ការអភិរក្សអង្គរ គឺជាសេចក្តីប្រាថ្នារបស់យើងដែលត្រូវចែករំលែកធ្វើការរួមគ្នា ដូច្នេះការពង្រឹងធនធានមនុស្ស សម្រាប់ការងារអភិរក្សនិងអភិវឌ្ឍន៍ គឺជាការចែករំលែករួមគ្នាដើម្បីជួយដល់បេតិកភណ្ឌ ដែលជាសម្បត្តិរបស់មនុស្សជាតិ។

លោក Masahiro Komura ថ្លែងទៀតថា ជប៉ុននឹងបន្តផ្តល់ជំនួយដោយផ្អែកលើកម្លាំងរបស់យើង។ ជំនួយទាំងនេះរួមបញ្ចូលទាំងការសម្របសម្រួល ការផ្ទេរជំនាញ ចំណេះដឹង និងបច្ចេកវិទ្យា រវាងអ្នកជំនាញរបស់យើងនិងសមភាគីក្នុងស្រុក។

នៅក្នុងដំណើរការនេះ ប្រទេសជប៉ុនមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូដែលមានតាំងពីយូរមកហើយ រួមមានអង្គការយូណេស្កូ(UNESCO)  អាជ្ញាធរជាតិអប្សរា រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលបារាំងជាដើម។

កិច្ចប្រជុំពេញអង្គ របស់គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការUNESCO ដឹកនាំដោយសហប្រធានឯកអគ្គរដ្ឋទូតបារាំងនិងជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំនេះបានពិភាក្សាទៅលើសេចក្តីប្រកាសរួម របស់អន្តររដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការUNESCO ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ស្ដីពីរមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក ដោយផ្តោតទៅលើយុទ្ធសាស្ត្រ ជាច្រើនសម្រាប់ការងារអភរិក្សនិងអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ការអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងវប្បធម៌ បង្កើនប្រាក់ចំណូលផ្នែកកសិកម្ម សិប្បកម្ម តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្តល់សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប នៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក ក្នុងរយៈពេល១០ឆ្នាំតទៅមុខទៀត។

សហប្រធានបារាំង លោក Piere PELLET ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនោះថាការងារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ពិតជាមានបញ្ហាប្រឈមមិនតិចតួចឡើយ ក៏ប៉ុន្តែអ្នកគ្រប់គ្នាបានប្រឹងប្រែងជម្នះបញ្ហាទាំងនេះ រហូតដល់បានជោគជ័យ។

លោក PELLETបញ្ជាក់ទៀតថា យុទ្ធសាស្រ្តសម្រាប់ការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក រយៈពេល១០ឆ្នាំទៅមុខទៀត គឺផ្ដោតលើចំណុចសំខាន់ៗមួយចំនួន ដូចជាបង្កើនការអភិវឌ្ឍន៍ ប្រកបដោយចិរភាពនៃរមណីយដ្ឋានអង្គរ នៅតែបន្តការពារអភិរក្សតម្លៃលេចធ្លោជាសាកលដោយយកចិត្តទុកដាក់លើបំរែបំរួលអាកាសធាតុ ការការពារបរិស្ថាន ទេសភាពវប្បធម៌ ការថែរក្សាធនធានធម្មជាតិ(ទឹកនិងព្រៃឈើ) ។

ការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន លើកកម្ពស់ការថែរក្សាប្រាង្គប្រាសាទ និងសកម្មភាពទេសចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវ ។

បង្កើនសមត្ថភាពអ្នកជំនាញខ្មែរ ដើម្បីឆ្លើយតបនិងតម្រូវការពហុជំនាញនៃការគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាល សិក្ខាសាលា អាហារូបករណ៍នៅបរទេស ការងារនៅតាមកន្លែង ការបំពេញភារកិច្ចជាក្រុមនិងការគ្រប់គ្រងស្ថាប័នដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបនិង វិធីសាស្ត្រថ្មីៗ។

ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់គណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលជាយន្តការ គំរូដោយផ្តោតការយកចិត្តទុកដាក់ទៅលើ ការផ្ទេរនូវចំណេះដឹងជំនាញនិងបទពិសោធន៍ពីអ្នកជំនាញ អន្តរជាតិមកអ្នកជំនាញខ្មែរជាដើម៕