Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាកាសធាតុក្តៅខ្លាំង សាលារៀនមួយចំនួននៅខេត្តសៀមរាប ស្វែងរកការជួយអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យ

សៀមរាប៖ ក្នុងកាលៈទេសៈដែលអាកាសធាតុក្តៅខ្លាំង សាលារៀនមួយចំនួនក្នុងខេត្តសៀមរាប សាលារៀននានាបានស្នើសុំការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ មកបាញ់ទឹកបង្កើតជាភ្លៀងសិប្បនិម្មិត ដើម្បីជួយកាត់បន្ថយកម្តៅ ជួយសម្រួលដល់ការសិស្សានុសិស្ស។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឲ្យដឹងថា គិតត្រឹមនៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ កម្លាំងនៃការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបាញ់ទឹកស្រោចបរិវេណ និងដំបូលរោងសាលារៀនចំនួនបីទីតាំង ក្នុងនោះនៅរសៀលថ្ងៃទី ៣០ ខែមេសា ២០២៤ កម្លាំងជំនាញបានបាញ់ទឹកនៅសាលាបឋមសិក្សាវត្តបូព៌ ដោយប្រើរថយន្ត២គ្រឿង ប្រើប្រាស់ទឹកអស់០៦រថយន្ត ។ នៅរសៀលថ្ងៃទី០២ ខែឧសភា ២០២៤ កម្លាំងជំនាញបានបាញ់ទឹកនៅតាមទីធ្លា និងដំបូលអគារសាលាបឋមសិក្សា មុខនាគ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ត និងសាលាបឋមសិក្សាត្រពាំងស្វាយ ឃុំស្វាយលើ ប្រើប្រាស់រថយន្ត ០១គ្រឿង ប្រើប្រាស់ ០២រថយន្ត ។

យោងតាមអាជ្ញាធរក្រុងសៀមរាប បានឲ្យដឹងថា ខណៈអាកាសធាតុមានការកើនកម្តៅខ្លាំង នៅតាមសាលារៀនមួយចំនួនបានអនុវត្តតាមវិធានការរបស់ក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែសាលារៀនខ្លះដែលមិនសូវមានម្លប់នឹងប្រឈមខ្លាំង គណៈគ្រប់គ្រងសាលាបានស្នើសុំអន្តរាគមន៍ពីកម្លាំងស្នងការរដ្ឋាននគរបាលខេត្តសៀមរាប។

នាយិការសាលាបឋមសិក្សាមុខនាគ លោកស្រី ប៉ាវ ស៊ីណាន បានមានប្រសាសន៍ថា ចាប់តាំងពីអាកាសធាតុក្តៅខ្លាំង សាលាបានអនុវត្តនូវវិធានការនានា ដើម្បីជួយសម្រួលដល់ការសិក្សា ក៏ដូចជាការគិតគូរអំពីសុខមាលភាពរបស់សិស្សានុសិស្សផងដែរ។ លោកស្រីបន្តថា ក្នុងវិធានការនេះ យើងបានកាត់បន្ថយម៉ោងសិក្សា បាញ់ទឹកចូលនៅតាមបន្ទប់រៀនដែលនៅជាន់ផ្ទាល់ដី ណែនាំអាណាព្យាបាលសិស្សឲ្យដាក់ទឹកសម្រាប់សិស្សទទួលទាន មានកូនកន្សែងតូចៗ សម្រាប់កូនៗជ្រលក់ទឹកមកស្អំក្បាលឬស្អំភ្នែកជាដើម។

លោកស្រី ប៉ាវ ស៊ីណាន បានបន្តថា ប៉ុន្តែដោយសាលាមុខនាគនេះ មានអគារខ្លះមានកម្ពស់ដល់ទៅបីជាន់ ដែលមិនអាចឲ្យទុយោទឹករបស់សាលាបាញ់ដល់ ដូច្នេះទើបគណៈគ្រប់គ្រងសាលា តាមរយៈអាជ្ញាធរសង្កាត់គោកចក និងសាលាក្រុងសៀមរាប ស្នើសុំឲ្យកម្លាំង របស់ស្នងការនគរបាលខេត្តប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកស្រោចតាមទីធ្លា និងដំបូលអគារដើម្បីបន្ថយកម្តៅ៕