Connect with us

Hi, what are you looking for?

សង្គម

ឃាត់មនុស្ស៣១នាក់ បញ្ជូនទៅតុលាការ ពាក់ពន្ធ័ចូលរុករានដីព្រៃក្នុងក្រុមហ៊ុនសីលាដាម៉ិចនៅស្រុកគូលែន

ខេត្តព្រះវិហារ ៖  ឃាត់ខ្លួនមនុស្ស៣៦នាក់  បញ្ជូនទៅតុលាការក្រោយអាជ្ញាធរខេត្តព្រះវិហារបានរចុះអនុវត្តវិធានការផ្លូវច្បាប់កាលពីថ្ងៃទី៦ ខែមីនា ក្នុងការការពារដីរដ្ឋដែលបានចុះបញ្ជីរួច និងប្រគល់សិទ្ធវិនិយោគទៅឲ្យក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ដែលស្ថិតក្នុង  ឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ក្រោយពីមានពលរដ្ឋមួយចំនួនបានចូលទៅរុករានទន្ទ្រានយកដីដោយខុសច្បាប់។

ក្នុងសន្និសីទសារព័ត៌មាន បានរៀបចំឡើងនៅ សាលាខេត្តព្រះវិហារ អភិបាលរងខេត្តព្រះវិហារ លោក ណុប វុធ្ធី បានឲ្យដឹងថា មុននឹងការចុះចាត់វិធានការផ្លូវច្បាប់ចំពោះ ក្រុមរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ទាំងនេះ គឺអាជ្ញាធរខេត្តបានធ្វើវិធានការរដ្ឋបាលជាច្រើនខែរួចមកហើយ ហើយក៏បានហៅក្រុមទាំងនេះមកធ្វើការប្រជុំអប់រំណែនាំ ឲ្យចាកចេញដោយសន្ដិវិធីជាច្រើនលើកច្រើនសារ មិនតែប៉ុណ្ណោះអាជ្ញាធរក៏បានទុកឱកាសរយៈពេល១០ថ្ងៃ មុនការចុះអនុវត្តច្បាប់ទាំងរដ្ឋបាលស្រុកគូលែន និងមន្ទីរកសិកម្មខេត្ត បានធ្វើការផ្សព្វផ្សាយតាមរយៈការចាក់សារជាសម្លេងថែមទៀត ក្នុងនោះមានបុគ្គលមួយចំនួនបានសហការរុះរើចាកចេញ និងនៅមួយចំនួនធំដែលចាញ់បោក តាមការអូសទាញ ដែលមានមេក្លោង មានរចនាសម្ព័ន្ធត្រឹមត្រូវ និងមានអង្គការចាត់តាំង នៅតែរឹងទទឹងមិនព្រមចាកចេញ ហាក់បីដូចជាចង់យកតំបន់នោះធ្វើជាតំបន់អប្បគមន៍។

លោក ណុប វុធ្ធី  បានអះអាងថា បន្ថែមនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារចម្រុះដឹកនាំប្រតិបត្តិការដោយលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត បានដឹកនាំបញ្ជាកម្លាំងដោយ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងលោក គីម រិទ្ធី អភិបាលខេត្ត ចុះអនុវត្តវិធានការផ្លូវច្បាប់ចំពោះក្រុមទាំងនេះ។

ក្នុងប្រតិបត្តិការនេះ មនុស្សចំនួន៣៦នាក់ត្រូវបានឃាត់ខ្លួន និងប្រមាណជាង៣០នាក់ទៀត នៅរឹងទទឹងថែមទាំងធ្វើការតបត ជាមួយកម្លាំងសមត្ថកិច្ចដោយប្រើប្រាស់មធ្យោបាយផ្សេងៗ មានដូចជា កាំបិត ផ្គាក់ ពូថៅ ចំពាមកៅស៊ូ និងដបសាំងគប់មកលើសមត្ថកិច្ចជាដើម ទើបសមត្ថកិច្ចប្រើសិទ្ធក្នុងការការពារខ្លួនគប់គ្រាប់បែកផ្សែងដើម្បីបំបែកក្រុមអនាធិបតេយ្យទាំងនោះ។

អនុប្រធានរដ្ឋបាលព្រៃឈើ លោក សួន សុវណ្ណ បានបញ្ជាក់ដែរថា ការចាត់វិធានការផ្លូវច្បាប់នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ចំពោះក្រុមទាំងនេះ គឺមិនមែនជារឿងថ្មីនោះទេ លោកថានេះគឺជាលើកទី២ហើយ នៅក្នុងទីតាំងដដែលប៉ុន្ដែក្រុមទាំងនោះនៅតែចូលមកកាប់រានទន្ទ្រានដោយខុសច្បាប់។

លោកបានបញ្ជាក់ទៀតថា ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុននៅឆ្នាំ២០១០ ដែលមានផ្ទៃដី ៩,០០០ហិកតា ប៉ុន្ដែដោយមើលឃើញថាមានប្រជាពលរដ្ឋអាស្រ័យ ផលនៅលើដីនោះរាជរដ្ឋាភិបាលក៏បានកាត់ឈ្វៀលចំនួន០២លើក ដោយលើកទី១នៅឆ្នាំ២០១២ តាមរយៈគោលនយោបាយចាស់សកម្មភាពថ្មី និងលើកទី២ នៅឆ្នាំ២០១៩ មុនពេលដី នេះបានធ្វើការចុះបញ្ជីជាដីរដ្ឋ។

ចំពោះក្រុមដែលចូលមកកាប់រានដោយខុសច្បាប់ទាំងនេះ គឺចូលមកកាន់កាប់ក្រោយការកាត់ឈ្វៀលទាំងពីរលើក និងក្រោយការចុះបញ្ជីដីនេះជាដីរដ្ឋ ពោលគឺចូលមកកាន់កាប់ពុំស្របតាមច្បាប់៕