Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ បុណ្យទន្លេ ជាចំណែកដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសៀមរាប

សៀមរាប៖ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នឹងប្រារព្ធធ្វើនៅក្នុងខេត្តសៀមរាប នាពាក់កណ្តាលខែមីនានេះ ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ លោក សុខ សូកេន អះអាងថា ការប្រារព្ធពិធីបុណ្យដ៏ធំប្រចាំឆ្នាំមួយនេះ ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសៀមរាប។

លោក សុខ សូកេន បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ដើម្បីត្រួតពិនិត្យ និងពិភាក្សាការងារ ត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៤នេះថា ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្របយុទ្ធនាការពិធិកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា។ ហើយសម្រាប់ខេត្តសៀមរាបនេះជាលើកទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេល ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤។

លោកបន្តថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺឱកាសមួយដ៏សំខាន់សម្រាប់កម្ពុជាក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និងបវរកញ្ញាពិភពលោកអញ្ជើញមកចូលរួម និងភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើរតែអស់ហើយ។ ហើយនៅពេលខាងមុខឯកឧត្តមរដ្ឋមន្រ្តីរំពឹងថា ព្រឹត្តិការបុណ្យទន្លេនេះនិងក្លាយទៅព្រឹត្តិការណ៍ទូលាយមួយ ដែលមានការចូលរួមពីដៃគូរអន្តរជាតិ ព្រោះកម្ពុជាគឺជាប្រទេសអនុតំបន់ទន្លេមេគង្គ។ លោកបានជំរុញឱ្យក្រុមការងារក្រុមផ្នែកទាំងអស់ត្រូវធ្វើការរៀចំឱ្យម៉តចត់ទាំងការងាររៀបចំសម្អាតស្ទឹងសៀមរាបឱ្យស្អាត ការតុបតែងនៅតាមដងផ្លូវដោយមានការដាក់ពិដាស្វាគមន៍ ដែលរចនារូភាពទាក់ទាញ។ ឯកឧត្តមបានស្នើឱ្យម្ចាស់អាជីវកម្មទាំងអស់ សូមគិតគូរលើដាក់តម្លៃកន្លែងស្នាក់នៅ តម្លៃម្ហូបអាហារ អនាម័យ សេវាកម្មផ្សេងៗឱ្យបានសមរម្យ កុំឡើងថ្លៃហួសហេតុ។

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ រៀបចំឡើង ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍដោយមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ សាធារណជនអាចចូលរួមទស្សនា និងកម្សាន្តសប្បាយ រីករាយចាប់ពីថ្ងៃទី១៥ ១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសៀមរាបចាប់ពីសួនច្បាមាត់ស្ទឹងជិតព្រះអង្គចេកព្រះអង្គចមទៅដល់ផ្សារចាស់។

អភិបាលខេត្តសៀមតរាប លោក ប្រាក់ សោភ័ណ បានលើកឡើថា សម្រាប់ខេត្តសៀមរាប បានកំណត់ថានៅក្នុងឆ្នាំ២០២៤នេះ ជាឆ្នាំផ្សព្វផ្សាយ ដោយរដ្ឋបាលខេត្តបានខិតខំបំលែងព្រឹត្តិការណ៍តូចៗមួយចំនួន ទៅជាព្រឹត្តិការណ៍ធំៗ ដូចជាបុណ្យមាឃបូជា ពិសាខបូជា ជាដើម។ លោកមបន្តថា ជាមួយគ្នានេះ ខេត្តសៀមរាប ក៏បានត្រៀមរៀបចំព្រឹត្តិការណ៍របស់មួយចំនួនទៀត ដើម្បីផ្សព្វផ្សាយទាក់ទាញអ្នកទេសចរណ៍ មានទាំងទេសចរណ៍កីឡា ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលនេះរំពឹងថា នឹងទទួលបានការគាំទ្រ៕