Connect with us

Hi, what are you looking for?

បរិស្ថាន

មនុស្ស៥នាក់ មានទាំងមន្ត្រីនៃសាលាស្រុកផង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ឋករណីឈូសឆាយដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា មនុស្ស ៥នាក់ក្នុងចំណោមអ្នកពាក់ព័ន្ឋជាង១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឈូសឆាយដីព្រៃលិចទឹក នៅចំណុចបឹងតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយក្នុងចំណោមនោះក៏មានមន្ត្រីសាលាស្រុក និងលោកមេភូមិផងដែរ។

ជុំវិញការឃាត់ខ្លួនការឈួសឆាយដីព្រៃលិចទឹកនេះដែរ នៅរសៀលថ្ងៃទី២ ខែមេសានេះ មន្ត្រីជំនាញក៏ដូចសមត្ថកិច្ចខេត្ត នៅមិនទាន់ផ្តល់ព័ត៌មានពីការបំពានដីព្រៃលិចទឹកនេះទេ គ្រាន់តែបញ្ជាក់ថាកំពុងធ្វើការ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅចំណុចបឹងតាទុំ ត្រូវបានជនឆ្លៀតឱកាសរួមគ្នារៀបចំឈូសឆាយអស់ចំនួនជាង ៤ហិចតា កាលពីអំឡុងខែមីនា ហើយត្រូវបានមន្ត្រីជំនាញចុះស្រាវជ្រាវរៀបចំកសាងសំណុំរឿង ទើបឈានដល់ការឃាត់ខ្លួនមនុស្សចំនួន ៥នាក់ ក្នុងចំណោមមនុស្សជាង១០នាក់ ដែលការឃាត់ខ្លូននោះមានអភិបាលរងស្រុក មន្ត្រីការិយាល័យស្រុក មេភូមិ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

យ៉ាងនេះក្តីមន្ត្រីថ្នាក់ខេត្តដែលកំពុងតែធ្វើការងារកសាងសំណុំរឿងអ្នកពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃលិចទឹកខាងលើ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការឃាត់ខ្លួនអ្នកពាក់ព័ន្ឋឈូសឆាយដីព្រៃលិចទឹក គឺថ្នាក់ក្រសួង អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នតុលាការ ដោយហេតុនេះហើយទើបបានជាអ្នកព័ត៌មានមិនទាន់អាចប្រមូលព័ត៌មានលម្អិតយ៉ាងណានោះ។

គួររំលឹកថា កន្លងទៅការលួចឈូសឆាយដីព្រៃលិចទឹកមានការរៀបចំទាក់ទងជាប្រព័ន្ធទើបធ្វើការងារនេះបាន ហើយមួយឆ្នាំម្ដងដីព្រៃលិចទឹកកាន់តែហិនហោចទៅ ហិនហោចទៅ។ ពេលខ្លះមន្ត្រីជំនាញបានត្រឹមតែឃាត់បានមួយឆ្នាំ ពី២ឆ្នាំ ប៉ុន្តែឆ្នាំក្រោយៗទៀត ដីព្រៃលិចទឹកដែលបានឃាត់ពីឆ្នាំមុនក៏រលាយអស់។

ជុំវិញករណីនេះ អង្គភាពយើងនឹងបន្តជំរាបជូនបន្តទៀត នៅពេលអ្នកពាក់ព័ន្ធបន្តអនុវត្តរួចរាល់៕