Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍៖ ព្រឹត្តិការណ៍ “ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ” នឹងផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសទាំងពីរ

សៀមរាប៖ ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយខេត្តហឺណានរបស់ប្រទេសចិន បានប្រារព្វរួមគ្នាជាលើកទី១នូវ ព្រឹត្តិការណ៍ “ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ” នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នាបរិវេណខាងជើងប្រាសាទបាយ័ន នៃខេត្តសៀមរាបនេះ។

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា លោក សុខ សូកេន បានរំពឹងទុកថា ព្រឹត្តិការណ៍នេះ នឹងជួយផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសទាំងពីរ កម្ពុជាចិន។ ជាការពិត ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ ប្រជាជនចិន និងប្រជាជនកម្ពុជាមានភាពស្រដៀងគ្នា និងពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ។ ប្រវត្តិវិទូជាច្រើនបានស្គាល់ និងដឹងអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ តាមរយៈកំណត់ត្រាជីវ តាក្វាន់ បេសកជនពិសេសរបស់ចិនប្រចាំនៅកម្ពុជា នៅចុងសតវត្សទី១៣ ក្នុងសម័យកាលអាណាចក្រខ្មែរ។

លោក សុខ សូកេន បន្តថា ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួត បន្ថែមទៀតពីមួយជំនាន់ទៅមួយជំនាន់រហូតដល់បច្ចុប្បន្ន ដោយ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានបន្តពី ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធាន ម៉ៅ សេទុង។

លោក សុខ សូកេន បានសូមស្នើ លោក Sun Shougang បន្តជំរុញកិច្ចសហការនេះ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ពិសេសជំរុញការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាទៅដល់ប្រជាជនខេត្ត ហឺណាន ក៏ដូចជាជំរុញឱ្យមានជើងហោះហើរត្រង់ពី ទីក្រុងនានានៃខេត្ត Henan មកកម្ពុជា ជាពិសេសមកកាន់ខេត្ដសៀមរាប។ បន្ថែមពីនេះទៀត ក៏បានស្នើលោកបន្តគាំទ្រ និងជំរុញការចូលរួមសកម្មភាពនៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» បន្តបន្ទាប់ទៀត។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញនូវភាពជឿជាក់យ៉ាងមុតមាំថា តាមរយៈការរៀបចំព្រឹត្តិការណ៍នានារួមគ្នារវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ពិសេសព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» នាពេលនេះ ធ្វើឱ្យយើងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសយើងទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក រវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពចំពោះទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ថា៖ឆ្នាំ២០២៣ កន្លងមក, កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ ៥,៤៥ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនប្រមាណ ៥៤ ម៉ឺននាក់ និងទេសចរជាតិប្រមាណ ១៨,៥ លាននាក់។ ដោយឡែក សម្រាប់រយៈពេលបីខែ ដើមឆ្នាំ២០២៤, កម្ពុជាបានទទួលទេសចរអន្តរជាតិ ៩៨៨,៥៧ ពាន់នាក់ កើនឡើង ១៨% ក្នុងនោះទេសចរចិនមានចំនួនប្រមាណ ១០៩.៩៩០នាក់ កើនឡើង ៣៨,៥% ។

អភិបាលរងខេត្ត ហឺណាន (Henan) លោក ស៊ុន ស៊ូកង (Sun Shougang) មានប្រសាសន៍ថា តាមរយៈព្រឹត្តិការណ៍នេះ ផ្ញៀវទេសចរកាន់តែច្រើនឡើងមកពីគ្រប់ទិសទីនឹងចាប់អារម្មណ៍នូវបទពិសោធនៃវប្បធម៌អង្គរ និងកោតសរសើរពីសៅលីញកុងហ្វូដែលជាវប្បធម៌ដ៏ត្រចះត្រចង់នៃអរិយធម៌បូព៌ា តាមផ្លូវទសចរណ៍អន្តរជាតិហឺណាន ចិន -សៀមរាប កម្ពុជាខណៈដែលអង្គរវត្តរបស់កម្ពុជា ជាគុជចែងចាំង មិនត្រឹមតែជានិមិត្តរូបរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាតំបន់បេតិកភ័ណវប្បធម៌ដែលទទួលស្គាល់ជាសាកលផងដែរ។

ចំណែកលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា កម្មវិធី “When Shaolin meets Bokator at Angkor” រវាងខេត្តហឺណាន និងខេត្តសៀមរាបនាពេលនេះ គឺជាការចូលរួមចំណែកជម្រុញឱ្យមានការរីកចម្រើននូវវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបក៏ដូចជាវិស័យទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ កម្មវិធី នេះ រៀបចំឡើងក្នុងគោលបំណងបង្កើនទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូរ រវាងប្រជាជនខេត្តហឺណាន និងប្រជាជនកម្ពុជា ក៏ដូចជារួមចំណែកជម្រុញ និងផ្សព្វផ្សាយវិស័យទេសចរណ៍នៅប្រទេសកម្ពុជាក៏ដូចជានៅខេត្តសៀមរាបឱ្យកាន់តែមានភាពល្អប្រសើរឡើងក្រោយវិបត្តិសេដ្ឋកិច្ចនៃការរីករាលដាលជំងឺកូវីដ-១៩៕