Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គ្រាប់មីននៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជន ខណៈរាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាប្រែក្លាយជាប្រទេសដែលគ្មានមីន នៅឆ្នាំ២០២៥

សៀមរាប៖ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជន រារាំងការអភិវឌ្ឍ និងរំខានដល់សន្តិភាព ព្រមទាំងជារបាំងដល់ការរីកចម្រើននៃសហគមន៍ និងការរស់ឡើងវិញនៃប្រជាជាតិ តែយ៉ាងណាក៏កម្ពុជា នៅតែប្ដេជ្ញាចិត្តប្រែក្លាយទៅជាប្រទសដែលគ្មានមីន នៅឆ្នាំ២០២៥។

នេះបើតាមការលើកឡើងរបស់ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ក្នុងឱកាសប្រារព្ភទិវាអន្តរជាតិយល់ដឹងអំពីមីន នាក្រុងសៀមរាប នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីតំណាងស្ថានទូតប្រចាំកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធជាច្រើនរូប។

ទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា ទិវាអន្តរជាតិយល់ដឹងអំពីមីនសម្រាប់ឆ្នាំ២០២៤នេះ ប្រព្រឹត្តិទៅក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មកលើប្រជាជនស្លូតត្រង់នៅទូទាំងពិភពលោក។ ទិវាអន្តរជាតិនេះដែរ ក៏ជាការរំលឹកពីកាតព្វកិច្ចរួម ដើម្បីការពារក្តីសុបិនរបស់មនុស្សជំនាន់ក្រោយអាចរស់នៅប្រកបដោយសុវត្ថិភាព តាមរយៈការប្តេជ្ញាចិត្តរួម ដើម្បីធានាឱ្យពិភពលោកគ្មានការគំរាមដែលបណ្តាលមកពីគ្រាប់មីន។ ជាមួយគ្នានេះ ការប្រារព្ធទិវាអន្តរជាតិនេះ បង្កប់នូវស្មារតីនៃសាមគ្គីភាព និងក្តីមេត្តាជាសកល ដើម្បីរួមចំណែកដល់សកម្មភាពមនុស្សធម៌ និងឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិលើបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននាំឱ្យប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានបង្ហាញពីគំរូនៃការតស៊ូជាសកលប្រឆាំងនឹងការគំរាមកំហែងនៃគ្រាប់មីន។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ មិនមែនគ្រាន់តែជាកិច្ចប្រជុំប៉ុណ្ណោះទេ វាគឺជាសញ្ញានៃក្តីសង្ឃឹម ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងបណ្ដាអ្នកពាក់ព័ន្ធ ក្នុងការដើរតួនាទីយ៉ាងសំខាន់ចូលរួមជាផ្នែកមួយដ៏ចាំបាច់ឈានទៅសម្រេចនូវទស្សនវិស័យរបស់កម្ពុជាដែលបានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាមីនឲ្យអស់ក្នុងឆ្នាំ២០២៥។

ជាមួយគ្នានោះ អនុប្រធានទី១ អាជ្ញាធរមីន ក៏បានបានជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ រួមគ្នាសម្រាប់ពិភពលោកមួយប្រកបដោយសុវត្ថិភាព និងទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង-សាមគ្គីភាពអន្តរជាតិ ការច្នៃប្រឌិតបច្ចេកវិទ្យា និងការដោះស្រាយរួមគ្នា ដើម្បីបោះជំហានឆ្ពោះទៅរកសន្តិភាព ដែលជាពិភពលោកគ្មានការគំរាមកំហែងពីគ្រាប់មីន៕