Connect with us

Hi, what are you looking for?

សង្គម

ទីតាំងស្ថានីយប្រេងឥន្ធនៈ និងលក់អីវ៉ាន់មួយកន្លែង ក្នុងស្រុកពួក ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង

សៀមរាប៖ ទីតាំងស្ថានីយប្រេងឥន្ធនៈ និងលក់អីវ៉ាន់មួយកន្លែង យីហោ ចិនខ្មៅ នៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងកាលពីវេលាម៉ោង១៩និង២០នាទីយប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បណ្ដាលឲ្យមនុស្សម្នាក់ជាកម្មកររងរបួស។

តាមការបញ្ជាក់ពីលោក ស៊ិន ចាន់ថុល អភិបាលស្រុក បានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តដឹកប្រេងសាំង ១គ្រឿង ចំណុះ៣២ពាន់លីត្រ មានប្រេងសាំងចំនួន៨ពាន់លីត្រ ចូលមកដាក់ប្រេងនៅកន្លែងកើតហេតុខាងលើ។ លុះពេលបង្ហូរប្រេងចូលក្នុងស៊ីទែនកប់ក្នុងដីបានប្រហែល១៥នាទី ស្រាប់តែមានភ្លើងឆាបឆេះ ពេលនោះតៃកុងរថយន្តដឹកប្រេងសាំង បានឡើងបើករថយន្តចេញពីចំណុចកើតហេតុ ទៅទាំងភ្លើងកំពុងឆេះទុយោរបង្ហូរសាំងគ្រវីគ្រវាត់លើផ្លូវបន្ទាបទៅរលត់វិញ ប៉ុន្តែនៅកន្លែងកើតហេតុក្នុងស្ថានីយ៍ត្រូវភ្លើងចាប់ផ្តើមឆេះសន្ធោរសន្ធៅឡើង។

ក្នុងករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៩ឡាន ទើបទ្រទ្រង់ស្ថានភាពបានទាំងស្រុងនៅវេលាម៉ោង ២១និង២០នាទី។ ចំណែកអ្នកបើកបររថយន្តដឹកប្រេង ត្រូវបានកម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួន ដើម្បីធ្វើការសួរនាំនៅអធិការនគរបាលស្រុកពួក ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការទៅតាមផ្លូវច្បាប់៕