Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកឧកញ៉ា សៀង ណាំ បើកការដ្ឋានជួសជុលផ្លូវប្រវែង៨គីឡូម៉ែត្រ ក្នុងឃុំក្រូចគរ ស្រុក្រឡាញ់ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

សៀមរាប៖ ផ្លូវក្រាលល្បាយក្រួសចំនួន២ខ្សែ ប្រវែង៨គីឡូម៉ែត្រ ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តភ្ចាប់ពីភូមិរើល ទៅភូមិគោកចំបក់ និងពីកែងភូមិរើល ទៅភូមិព្រៃខ្យង ស្ថិតក្នុងឃុំក្រូចគរ ស្រុក្រឡាញ់ ខេត្តសៀមរាប មានទទឹង៨ម៉ែត្រ ត្រូវបានបើកការដ្ឋានជួសជុលជាផ្លូវការ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រោមវត្តមាន អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានបញ្ជាក់ថា ស្រុកក្រឡាញ់ នាពេលកន្លងមកបានទទួលនូវសមិទ្ធផលធំៗ និងថ្មីៗជាច្រើន ពីប្រមុខរាជរដ្ឋាភិបាល និង ឯកឧត្តម សៀង ណាំ រួមជាមួយសប្បុរសជននានា រួមមាន៖ ការសាងសង់សាលារៀន ផ្លូវចាក់បេតុង ផ្លូវចាក់កៅស៊ូ ស្ពានថ្ម ស្ពានឈើ ជីកអណ្តូងស្នប់ខ្នាតធំ សាងសង់មណ្ឌលសុខភាព ចូលរួមសាងសង់ព្រះវិហារ សាងសង់ និងជួសជុលផ្លួវក្រាលគ្រួសក្រហមជាច្រើនតាមបណ្តាឃុំក្នុងស្រុក ការផ្តល់អំណោយដល់គ្រួសារក្រីក្រ និងរងគ្រោះដោយឧប្បទេវហេតុផ្សេងគ្រប់ទីកន្លែងផងដែរ។

អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ មានប្រសាសន៍ថា ផ្លូវទាំង២ខ្សែនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងឃុំក្រូចគរ ព្រោះកន្លងមក និងបច្ចុប្បន្ននេះ ពួកគាត់បានជួបនូវផលពិបាកខ្លាំងក្នុងការធ្វើដំណើរមកទទួលសេវានានា ជាពិសេសអ្នកមានជំងឺ និងស្ត្រីមានផ្ទៃពោះ មកពិនិត្យ និងសម្រាលកូននៅមណ្ឌលសុខភាព ពិបាកក្នុងការដឹកកសិផលមកកាន់ទីផ្សារ សិស្សានុសិស្សពិបាកធ្វើដំណើរទៅសាលារៀន។ ហើយពេលផ្លូវនេះបានធ្វើរួចរាល់ វានឹងជួយសម្រួលបានច្រើនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរឆ្លងកាត់ ហើយក៏ជួយសម្រួល និងបង្រួមគម្លាតពីទីក្រុងទៅទីជនបទ ព្រមទាំងបានធ្វើឱ្យតំបន់ជនបទ និងទីប្រជុំជន មានការអភិវឌ្ឍ និងប្រែមុខមាត់ថ្មីក្នុងក្តីសង្ឃឹមយ៉ាងឆាប់រហ័ស ដែលមានជាអាទិ៍សាលារៀនតាំងពីកម្រិតមត្តេយ្យរហូតដល់កម្រិតឧត្តមសិក្សា មណ្ឌសុខភាព មន្ទីរពេទ្យ ផ្លូវថ្នល់ខ្វាត់ខ្វែង ផ្សារលក់ដូរ អគ្គិសនី ព្រះវិហារ ទីវត្តអារាម ស្រះទឹក ប្រឡាយ អណ្តូងទឹក អាង ស្តុកទឹក បង្គន់អនាម័យសាធារណៈ និងឯកជន បណ្តាញផ្លូវគមនាគមន៍ ស្ពាន អគារស្នាក់នៅ មធ្យោបាយបង្កបង្កើនផល និងផលិតកម្មផ្សេងៗ។ល។

អ្នកឧកញ៉ាបញ្ជាក់ថា ការបើកការដ្ឋានជួសជុលផ្លូវនេះ គឺឡើងក្នុងស្ថានភាពដែលប្រទេសកម្ពុជាយើង កំពុងស្ថិតលើមាគ៌ាអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្រោមការដឹកនាំដ៏ឈ្លាវៃរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាអ្នកបន្តវេនប្រកបដោយសក្តានុពលពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលជាមគ្គុទេសក៍ឯក ជាស្ថាបនិកនៃសន្តិភាព និងការបង្រួបបង្រួមជាតិខ្មែរ។

អ្នកឧកញ៉ាលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីធ្វើយ៉ាងណាឱ្យសេវាសាធារណៈនៅកៀកប្រជាពលរដ្ឋ ព្រមទាំងការធ្វើឱ្យសេវាសាធារណៈកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ រដ្ឋបាលស្រុក អង្គភាព ការិយាល័យជំនាញ និងអាជ្ញាធរឃុំ ដែលជាអ្នកបម្រើសេវាសាធារណៈ បាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងឱ្យមានការទទួលខុសត្រូវខ្ពស់ និងមានតម្លាភាពជូនប្រជាពលរដ្ឋ ស្របតាមកំណែងទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះផងដែរ៕