Connect with us

Hi, what are you looking for?

សង្គម

សមត្ថកិច្ចរឹបអូសគ្រឿងញៀនជិត៧០០គីឡូងក្រាម និងឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ក្នុងខណ្ឌចំនួន២ នៅភ្នំពេញ

ភ្នំពេញ៖ ជនជាតិវៀតណាម២នាក់ រួមនិងគ្រឿងញៀនជិត៧០០គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្គ្រាប់បាន ខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ នៅរាជធានីភ្នំពេញ។

ការបង្គ្រាបនេះធ្វើឡើងក្រោមកិច្ចសហការដោយសមត្ថកិច្ចកម្ពុជា និងវៀតណាម ដោយតាមដានលើមុខសញ្ញាក្រុមលួចលាក់ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវ និង ថៃ ឆ្លងកាត់កម្ពុជា ទៅប្រទេសវៀតណាម។ ក្រុមដឹកគ្រឿងញៀនទាំងនោះ មានទីតាំងរក្សាទុកគ្រឿងញៀន នៅរាជធានីភ្នំពេញ។

ក្រោយទទួលព័ត៌មានមន្ទីរប្រឆាំងគ្រឿងញៀនកម្ពុជា បានចាប់ផ្ដើមស៊ើបអង្កេត និងចុះបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនចំនួនពីរគោលដៅជាបន្តបន្ទាប់នៅថ្ងៃទី១៩ ខែមីនា គោលដៅទីមួយ គឺនៅចំណុចខុនដូរហ្សង់អេលីហ្សេ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់។ ចំណែកគោលដៅទីពីរ នៅចំណុចខុនដូរផ្លាទីនីនបេ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានមួយរូបទៀត ជាជនជាតិវៀតណាម។

ប្រតិបត្តិការនៅទីតាំងទាំងពីរនេះ សមត្ថកិច្ចរឹបអូសគ្រឿងញៀន ជិត៧០០គីឡូក្រាម រួមមាន អាវុធខ្លី១ដើម គ្រាប់កាំភ្លើងចំនួន១២គ្រាប់ ជញ្ជីងថ្លឹង និងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញសាកសួរ និងស៊ើបអង្កេតបន្ថែម ដើម្បីរៀបចំសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕