Connect with us

Hi, what are you looking for?

អន្តរជាតិ

ចិន និងហ្វីលីពីនតឹងសរសៃកដាក់គ្នាជាថ្មី ក្រោយការអត្ថាធិប្បាយរបស់បេសកជនហ្វីលីពីនស្តីពីសមុទ្រចិនខាងត្បូង

ស្ថានទូតចិនប្រចាំនៅហ្វីលីពីនបានថ្កោលទោសយ៉ាងដាច់អហង្កាលើការលើកឡើងរបស់ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោននាពេលថ្មីៗនេះ ដោយលើកឡើងថា ពួកគេមិនយកចិត្តទុកដាក់លើការពិតជាមូលដ្ឋាន។

ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកត់សម្គាល់នេះ ចង់បំភ្លៃបញ្ហាសមុទ្រចិនខាងត្បូង ធ្វើឱ្យមានការសង្ស័យ និងការជេរប្រមាថប្រឆាំងនឹងប្រទេសចិន។ លោក ហូសេ ម៉ានូអេល រ៉ូម៉ាអេលដេស (Jose Manuel Romualdez) បាននិយាយកាលពីថ្ងៃពុធថា ខណៈដែលសហរដ្ឋអាម៉េរិកមើលឃើញទាំងបញ្ហាសមុទ្រចិនខាងត្បូង និងជម្លោះកោះតៃវ៉ាន់ថា ជាក្ដីបារម្ភដ៏ធ្ងន់ធ្ងរ លោកជឿថា ចំណុចសំខាន់ពិតប្រាកដ គឺសមុទ្រហ្វីលីពីនខាងលិច ដោយសារការប៉ះទង្គិចភាគច្រើនបានកើតឡើងនៅទីនោះ។

ស្ថានទូតចិនបានថ្លែងយ៉ាងដូច្នេះថា៖ «ការទទួលសត្វចចកចូលក្នុងផ្ទះ និងការចូលរួមក្នុងរង្វង់តូចៗ នឹងមិនជួយដោះស្រាយភាពខ្វែងគំនិតគ្នានៅក្នុងសមុទ្រចិនខាងត្បូងនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ វានឹងធ្វើឱ្យស្ថានការណ៍ក្នុងតំបន់កាន់តែស្មុគស្មាញ និងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។ ស្ថានទូតរដ្ឋធានីប៉េកាំង បានជំរុញឱ្យលោក រ៉ូម៉ាអេលដេស បញ្ឈប់ការផ្សព្វផ្សាយពីទ្រឹស្ដីការគំរាមកំហែង និងការបំភិតបំភ័យនៃការធ្វើទុក្ខបុកម្នេញ និងបដិសេធមិនធ្វើជាអ្នកនាំពាក្យសម្រាប់ប្រទេសផ្សេងទៀត។

ភាព​តានតឹង​បាន​ផ្ទុះឡើង​ជុំវិញ​ជម្លោះ​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​រដ្ឋាភិបាល​រដ្ឋធានីប៉េកាំង និង​រដ្ឋធានីម៉ានីល ​បាន​ធ្វើការ​ចោទប្រកាន់គ្នាទៅវិញទៅមក​យ៉ាង​ខ្លាំង​ជុំវិញ​ជម្លោះ​មួយចំនួន។ ប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំជាង៣ពាន់ពាន់លានដុល្លារអាម៉េរិក រួមទាំងផ្នែកដែលទាមទារដោយហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ។ តុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ក្នុងឆ្នាំ២០១៦ បានអះអាងថា ការទាមទាររបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់នោះឡើយ៕