Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលគ្រោងចំណាយថវិកា៤៥០លានរៀលសម្រាប់រៀបចំពិធីបុណ្យទន្លេនៅខេត្តសៀមរាប

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សូ ម៉ារ៉ា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ៤៥០លានរៀលសម្រាប់រៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប។

ពិធីបុណ្យទន្លេលើក ទី៨ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០ ២៤ នៅតាមបណ្តោយស្ទឹងសៀមរាប។

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ រំពឹងទុកថា តាមរយៈពិធីបុណ្យទន្លេនេះនឹងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១លាននាក់។

បើតាមលោក សូ ម៉ារ៉ា ព្រឹត្តិការណ៍ជាតិនេះមានការរៀបចំការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ តារាចម្រៀងជាតិនិងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។

ជាមួយគ្នានេះមានការតាំងពិព័រណ៍ផលិតផលទេស ចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គប្រមាណជាង៥០០ស្ដង់ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងកំណើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេ ព្រមទាំងជួយជំរុញការផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់ទន្លេមេគង្គ៕