Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប៖ សម្បត្តិមរតកសិល្បៈវប្បធម៌មួយចំនួនប្រឈមនឹងការបាត់បង់ ប្រសិនបើមិនរួមគ្នាការពារ

សៀមរាប៖ សិប្បកម្មតម្បាញ ទម្រង់សិល្បៈ ភ្លេងអារក្ខ មហោរី ខ្លែងឯកខ្មែរ សុទ្ធសឹងតែជាទម្រង់សិល្បៈរបស់ខ្មែរដែលកំពុងប្រឈមនឹងការបាត់បង់ ។ នេះបើតាមការលើកឡើងរបស់លោកមួន សុភាព ប្រធានមន្ទីរវប្បធម៌ វិចិត្រសិល្បៈខេត្តសៀមរាប។

លោក មួន សុភាព បានលើកឡើង នៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» កាលពីរាត្រីថ្ងៃទី២៩ខែមីនាឆ្នាំ២០២៤ នៅសួនច្បារមាត់ស្ទឹងមុខព្រះរាជដំណាក់ក្រុងសៀមរាប ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់រៀបចំទិវាវប្បធម៌ជាតិ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សំបូរបែបសម្រាប់យើង គ្រប់ៗគ្នាជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិទាំងនេះឱ្យស្ថិតស្ថេរគង់វង្ស។

លោក មួន សុភាព មានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» ផ្តោតសំខាន់លើការបន្តលើកកម្ពស់ស្មារតីប្រជាជនមហាជន ជាពិសេសយុវជនដែលជាអ្នកបន្តវេនឱ្យកាន់តែមានការយល់ដឹងពីតម្លៃពិតនៃពហុវប្បធម៌ ចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ ដែលជាមូលដ្ឋានគ្រឺះនៃសេចក្តីស្រឡាញ់ គោរពដឹងគុណបុព្វការីជននិងបង្កើននូវសាមគ្គីធម៌ គុណធម៌ និងការអភិវឌ្ឍន៍។

បើទោះយ៉ាងណា លោកមួន សុភាព បានលើកឡើងថា ទំនៀមទម្លាប់ប្រពៃណី និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃបន្សល់ទុកពីដូនតារបស់យើងនៅតាមមូលដ្ឋានភាគច្រើនបានបាត់បង់ជាបន្តបន្ទាប់ ដូចជាសិប្បកម្មតម្បាញប្រឈមនឹងការបាត់បង់ដោយគ្មាវត្ថុធាតុដើម និងពុំមានអ្នកបន្តវេន។ ទម្រង់សិល្បៈ ភ្លេងអារក្ខ មហោរី ក៏កំពុងប្រឈមបាត់បង់ដោយគ្មានការគាំទ្រនិងខ្វះទីផ្សារ គុណភាពនិងចំណេះដឹងផ្នែកសិល្បៈតាមសមាគមនានានៅមានកម្រិតដោយការរៀនតៗគ្នាពុំមានគ្រូត្រឹមត្រូវ។ ខ្លែងឯកខ្មែរក៏ប្រឈមនឹងការបាត់បង់ដែរដោយសារអ្នកជំនាញមាននៅតិចតួច និងដោយសារជំនឿអវិជ្ជមានរបស់មហាជនចំពោះខ្លែងឯក ។ លោក មួន សុភាពលើកឡើងថា ជាការពិត ខ្លែងឯក ជាវត្ថុមង្គល ដែលនាំមកនូវសេរីភាព សុភមង្គល មានរឿង ធនញ្ជ័យជាឧទាហរណ៍ ធនញ្ជ័យរស់រានជីវិតរួចចេញពីគុកដោយសារតែខ្លែងឯងនេះហើយ។ ជាមួយគ្នានេះ កង្វះធនធានថវិកា ក៏ជារនាំងនៅក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភាពលោកផងដែរ។

លោក មួន សុភាព បានលើកឡើងថា ដោយសារកង្វះថវិកា មន្ទីរបានខកខាន ក្នុងការនាំសិល្បករ សិល្បៈការិនី ផ្នែកសិល្បៈបុរាណ ទៅសម្តែងនៅក្រៅប្រទេស ដែលជាផ្នែកមួយនៅក្នុងការផ្សព្វសិល្បៈវប្បធម៌របស់ខ្មែរ ទៅកាន់ពិភពលោក ។ ដូច្នេះតាមរយៈទិវាវប្បធម៌ជាតិនេះ លោករំពឹងថា ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់ នឹងជួយគាំទ្រ ជ្រោមជ្រែង សិល្បៈវប្បធម៌របស់ខ្មែរយើងកាន់តែខ្លាំងក្លាថែមទៀត ព្រោះវាជាតួនាទីរបស់យើងជាខ្មែរទាំងអស់គ្នា។

អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានឯកភាពចំពោះចំណុចប្រឈមទាំងឡាយ ដែលមន្ទីរលើកឡើង។ លោកថា ជាការពិតការវិវត្តន៍នៃសាកលលោក ការរីកចម្រើននៃបច្ចេកវិទ្យា ការហូរចូលនៃពហុវប្បធម៌ និងជាពិសេសការខ្វះខាតនូវលទ្ធភាពដោះស្រាយទាំងឡាយលើធនធានមនុស្ស ថវិកា សម្ភារៈជាដើម សុទ្ធតែជាកត្តាដែលបង្កឱ្យរាំងស្ទះក្នុងការសម្រេចទិសដៅសកម្មភាព។ ប៉ុន្តែឈរលើស្មារតីទទួលខុសត្រូវ យើងតែងតែខិតខំជាបន្តបន្ទាប់ដោះស្រាយជាជំហានៗ ដើម្បីកាត់បន្ថយនូវចំណុចអវិជ្ជមានទាំងអស់នោះ។

លោក អភិបាលរងខេត្ត មានប្រសាសន៍ថា សម្បត្តិវប្បធម៌ គឺជាដួងព្រលឹង ជាអត្តសញ្ញាណប្រកបដោយកិត្យានុភាពជាតិ ជាមរតកប្រកបដោយសក្តានុពលដ៏ធំធេងបំផុតក្នុងការចូល ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សង្គម និងមូលដ្ឋានក្នុងការផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំពីសង្គមមួយទៅសង្គមមួយ ពីក្រុមមួយទៅក្រុមមួយ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមភាព និងគ្មានការរើសអើង។ ហេតុនេះហើយក្នុងនាមយើងទាំអស់គ្នាដែលជាអ្នកបន្តវេន ត្រូវបំពេញកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុខដុមភាពនៃវប្បធម៌ជាតិ តាមរយៈការយកចិត្តទុកដាក់ថែរក្សា ការពារ និងអភិវឌ្ឍន៍តាមរយៈការបណ្តុះបណ្តាល ការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ដ៏សំបូរណ៍បែបឱ្យបានដល់សាធារណជន ពិសេសដល់អ្នកជំនាន់ក្រោយដែលជាអ្នកបន្តវេន។

ជាមួយគ្នានេះ លោក យុន លីនណេ ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំប្រឹងប្រែងដំណើរការនៃការបណ្តុះបណ្ដាលសិល្បៈដូនតា ជាពិសេសភ្លេងបុរាណ របាំបុរាណ របាំប្រពៃណី និងសិល្បៈសូនរូប នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ដល់យុវជនជំនាន់ក្រោយលើវិស័យសិល្បៈ និងឈានទៅកែលំអ គុណភាព បច្ចេកទេស កាត់បន្ថយនូវបញ្ហាប្រឈម សម្រាប់ថ្ងៃអនាគត់។ លោកអភិបាលរងក៏បានជំរុញដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខិតខំដោះស្រាយឱ្យអស់លទ្ធភាព ចំណុចណាដែលធ្ងន់ធ្ងរ អាជ្ញាធរខេត្តនឹងចូលរួមជួយដោះស្រាយ ដើម្បីឱ្យការអនុវត្តនូវភារកិច្ច ក៏ដូចជាផែនការ ការងារបានទទួលជោគជ័យ៕