Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អង្គការសង្គមសុីវិលថាការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុត

សៀមរាប៖ តាមការសិក្សាអំពីភាពងាយរងគ្រោះដោយអាកាសធាតុបានរកឃើញថា កម្ពុជាបានក្លាយជាប្រទេសងាយរងគ្រោះបំផុត ដោយឈរនៅលេខរៀងទី១៥១ ក្នុងចំណោមប្រទេស១៨១ ដែលការប្រែប្រួលអាកាសធាតុជាសាកលនេះ បានជំរុញឲ្យប្រទេសក្រីក្រមួយចំនួន រួមទាំងកម្ពុជាផងនោះ បានទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេសលើវិស័យកសិកម្ម។

នេះបើតាមការឲ្យដឹងពី លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម ក្នុងសិក្ខាសាលាស្ដីពីកិច្ចចាប់ផ្ដើមអនុវត្តគម្រោង “ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ។

លោកស្រី ភាណ សោភ័ណ បញ្ជាក់ថា កាលពីឆ្នាំ២០២៣ ធនាគារពិភពលោក ក៏បានបង្ហាញនូវក្តីព្រួយបារម្ភអំពីផលប៉ះពាល់ដល់ផលិតផលសរុបក្នុងស្រុករបស់កម្ពុជា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដោយក្នុងនោះគិតត្រឹមឆ្នាំ២០២៥ កម្ពុជាបានទទួលរងការប៉ះពាល់ប្រមាណជិត១០ភាគរយ និង៦ភាគរយ ដល់ឆ្នាំ២០៤០។ ចំពោះផលប៉ះពាល់នេះ បើយើងគិតលើវិស័យកសិកម្មវិញ វាប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីគ្រោះរាំងស្ងួត។ គិតពីឆ្នាំ២០១១-២០១៨ គ្រោះរាំងស្ងួតបានធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដីកសិកម្មប្រមាណ ៧លាន ៥សែនហិកតា។ ដើម្បីចូលរួមនៅក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុនេះ អង្គការអុកស្វាម សហការជាមួយដៃគូចំនួន៩ មានក្តីសោមន្សរីករាយក្នុងការប្រកាសពីការចាប់ផ្តើមអនុវត្តគម្រោងថ្មីដ៏សំខាន់មួយឈ្មោះថា “ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា-Climate Change Resilience for All” ហៅកាត់ CREFA។ ដែលគម្រោងនេះ នឹងធ្វើការជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ដោយផ្តោតលើកិច្ចសន្ទនា គោលនយោបាយ ការកសាងសមត្ថភាពថ្នាក់មូលដ្ឋាន និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ គម្រោងនេះក៏ផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នសង្គម ដោយមានការវិភាគពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដែលនឹងជាមគ្គុទេសសម្រាប់សកម្មភាពគម្រោង។

លោកស្រី ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាព បរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០។ ក្រសួងបរិស្ថានមានកិត្តិយសក្នុងការផ្តល់នូវកិច្ចសហការ និងគាំទ្រ ដើម្បីឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យ។ លោកស្រីសង្ឃឹមជឿជាក់ថា CREFA នឹងជាចំណែកមួយជួយជំរុញ ការអនុវត្តយុទ្ធសាស្ត្រចក្រាដើម្បីសម្រេចគោលដៅខាងលើ ជាពិសេសជួយជំរុញការលើកកម្ពស់សមភាពយេនឌ័រ សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាសហគមន៍ និងការរស់នៅប្រកបដោយចីរភាព។ CREFA ជាគំរូនៃសមាហរណកម្ម សមភាពយេនឌ័រ ពិការភាព និងបរិយាបន្ន នេះជាការបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា” ។
គម្រោងនេះ នឹងអនុវត្តនៅក្នុងខេត្តរបស់កម្ពុជាចំនួន៥ គឺខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលខេត្តទាំងនោះមានអត្រាភាពក្រីក្រខ្ពស់ជាងគេ និងជាខេត្តដែលមានពលរដ្ឋប្រកបរបរកសិកម្មច្រើនជាងគេ។

ក្នុងឱកាសនោះដែរ អភិបាលរងខេត្តសៀមរាប លោក អុឹង គឹមលាង មានប្រសាសន៍ថា ការរំកិលខ្លួនរបស់រដូវប្រាំង និងការប្រែប្រួលនៃរបបទឹកភ្លៀងធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្មរបស់ខេត្តដែលមានពលរដ្ឋ៨៥ភាគរយជាកសិករមួយនេះ។ លោកបានបន្តថា ដើម្បីចូលរួមដោះស្រាយបញ្ហានេះ គ្រប់ភាគីពាក់ព័ន្ធរួមទាំងពលរដ្ឋជាកសិករផង ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពខ្លួន ហើយតាមដាន និងឆក់យកឱកាសនៃការប្រែប្រួលអាកាសធាតុនេះ ឲ្យវាក្លាយជាផលប្រយោជន៍វិញ៕