Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំដល់អ្នកពាក់ព័ន្ធយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការរៀបចំពិធីបុណ្យទន្លេនាពេលខាងមុខនេះ

សៀមរាប៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងការរៀបចំពិធីបុណ្យទន្លេនាពេលខាងមុខនេះ។

លោក អ៊ាន ឃុន ក៏បានសង្កត់ធ្ងន់ផងដែរ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពេលរៀបចំពិធីបុណ្យទន្លេនាពេលខាងមុខ ដែលជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់ខេត្តសៀមរាបយើង ហើយក៏ជាចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តទេសចរណ៍មួយនេះកាន់តែច្រើនឡើង តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា ហើយនេះជាលើកទី១ សម្រាប់ខេត្តសៀមរាប ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេល ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤។

លោកបានបញ្ជាក់ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៨ ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។ ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ រដ្ឋបាលខេត្តបានខិតខំក្នុងការបំពេញភារកិច្ចលើគ្រប់វិស័យ សំខាន់លើការបម្រើសេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ ការអភិវឌ្ឍន៍មូលដ្ឋានបានល្អប្រសើរ។

អភិបាលរងខេត្ត លោក នាក់ ណេរ៉ុន បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលការងារប្រចាំខែកុម្ភៈ ព្រមទាំងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការអង្គភាពចំណុះសាលាខេត្ត ដែលជាសេនាធិការជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាអនាម័យ បរិស្ថានតាមក្រុងស្រុក និងអនុវត្តឲ្យខាងតែបាននូវទិសដៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ឲ្យទទួលបានជោគជ័យ សំខាន់លើការពន្លឿន ក្នុងការចុះបញ្ជីដីធ្លីឲ្យបានរួចរាល់នៅឆ្នាំ២០២៥។ អាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្តាក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់លើកការងារសន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ ក្នុងឱកាសពិធីបុណ្យទន្លេដែលរៀបចំឡើងនាពេលខាងមុខឲ្យបានល្អ៕