Connect with us

Hi, what are you looking for?

សង្គម

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

សៀមរាប៖ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចធ្វើការចោទប្រកាន់មនុស្ស១១នាក់ ក្នុងនោះមានម្នាក់ជាជនជាតិឡាវ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម ។

យោងតាមក្នុងសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ ករណីជួញដូរ និងរក្សាទុកគ្រឿងញៀនចំនួន ១២១ដុំ (ទម្ងន់សុទ្ធ ១២០.៦៨គីឡូក្រាម)។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៩ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតវត្ថុតាងរួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១២១ដុំ ទម្ងន់សរុប១២០.៦៨គីឡូក្រាម កាំភ្លើងខ្លី ចំនួន១ដើម ម៉ាកGLOCK និងទូរស័ព្ទដៃចំនួន២គ្រឿង។

បន្ទាប់ពីបានធ្វើការពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យជនជាតិខ្មែរចំនួន៦នាក់ និងជនជាតិឡាវចំនួន១នាក់ និងបក្ខពួក សរុបចំនួន១១នាក់ (ឃាត់ខ្លួនម្នាក់ គេចខ្លួន១០នាក់) ពីបទ កាន់កាប់អាវុធដោយ គ្មានការអនុញ្ញាត ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និង បទល្មើសសម្អាតប្រាក់ ប្រព្រឹត្តនៅភូមិដូនស្វា ឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ មាត្រា៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្ដីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៩៣៦ អយឆ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវីធី៕