Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ នៅខេត្តសៀមរាប

សៀមរាប៖ និយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងការងារទាំងនេះដល់អ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខេត្តសៀមរាប។

លោក អុឺង គឹមលាង អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងបរិបទដែលកម្ពុជាកំពុងមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យតាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនោះខេត្តសៀមរាប ក៏មានការកើនឡើងនូវកំណើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងនោះវិស័យទេសចរណ៍ កសិកម្ម និងសេវាកម្មផ្សេងៗ ជាដើម បានដើរតួនាទីយ៉ាងសំខាន់ប្រកបដោយសក្តានុពលក្នុងការរួមចំណែកសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្ត ក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះលោកបានជំរុញដល់សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលកំពុងមានដំណើរការទាំងអស់ ត្រូវគោរព និងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិនានា មិនថាវិស័យគណនេយ្យសវនកម្ម និងវិស័យនានាផ្សេងទៀត ដើម្បីធានាបាននូវនិរន្ត៍ភាពអាជីវកម្ម ជួយជំរុញឱ្យអាជីវកម្មកាន់តែមានភាពរីកចម្រើន និងជៀសវាងនូវការខាតបង់ ជាពិសេសការពិន័យណាមួយជាយថាហេតុ។

លោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម មានប្រសាសន៍ថា មកដល់ពេលនេះ កម្ពុជាមានច្បាប់ និងបទប្បញ្ញតិគ្រប់គ្រងវិស័យគណនេយ្យនិងសវនកម្មសំខាន់ៗចំនួនដូចជា៖ ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ឆ្នាំ២០១៦, ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឆ្នាំ២០២១, អនុក្រឹត្យស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ឆ្នាំ២០១៩, ប្រកាសស្តីពីកាតព្វកិច្ចដាក់របាយការណ៍ឱ្យរងសវនកម្មឯករាជ្យ និងប្រកាស សារាចរណែនាំមួយចំនួនទៀត។ ហើយអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម កាតព្វកិច្ចជាសារវន្តចំនួន៣ ត្រូវបានបង្កើតឡើងសម្រាប់សហគ្រាសជាអាទិ៍៖ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យស្របតាមលក្ខខណ្ឌកំណត់ព្រមទាំងកាតព្វកិច្ចដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមក ន.គ.ស.។

លោកសង្កត់ធ្ងន់ថា ការប្រកាន់វប្បធម៌គណនេយ្យបានត្រឹមត្រូវ នឹងធ្វើឱ្យវប្បធម៌ពន្ធកាន់តែត្រចះត្រចង់ ដូចនេះការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន នឹងជួយលើកកម្ពស់តម្លាភាពនិងភាពអាចទុកចិត្តបាននៃរបាយការណ៍ហិរញ្ញវត្ថុផង និងជួយសម្រួលដល់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធផង ហើយការណ៍នេះ វាជាបច្ច័យមួយរួមចំណែកជួយដល់កំណើនចំណូលសារពើពន្ធ។ ដូចគ្នានេះដែរ កន្លងមកមានសហគ្រាសនិងអង្គភាពមួយចំនួនបានទទួលរងពិន័យអន្តរការណ៍ ស្របតាមអនុក្រឹត្យលេខ៧៩ ស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ប៉ុន្តែ និយ័តករ មិនចង់អនុវត្តពិន័យអន្តរការណ៍លើសហគ្រាសឬអង្គភាពមិនស្វែងរកប្រាក់ចំណេញណាមួយទេ។ អ្វីដែលនិយ័តករចង់បានការប្រកាន់នូវ “វប្បធម៌គណនេយ្យ” ដោយសហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ។

ក្នុងឱកាសនេះផងដែរ លោកអគ្គនាយក ក៏បានអំពាវនាវដល់វិស័យឯកជនទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម ដែលកំណត់ដោយច្បាប់ និងបទប្បញ្ញតិពាក់ព័ន្ធឱ្យខានតែបាន ដើម្បីជាគុណប្រយោជន៍សម្រាប់សហគ្រាស និងអង្គភាពខ្លួនឯងផង សម្រាប់រាជរដ្ឋាភិបាលផង និងសម្រាប់សាធារជនផង។ ក្នុងនោះគោលដៅចម្បងរបស់យើងទាំងអស់គ្នា គឺការបង្កើតប្រព័ន្ធគណនេយ្យមួយដែលរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន ហើយគោលដៅនេះអាចសម្រេចទៅបានលុះត្រាតែវិស័យឯកជនប្រកាន់ខ្ជាប់នូវវប្បធម៌គណនេយ្យ ដែលមានជាអាទិ៍ វប្បធម៌កាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ, វប្បធម៌រៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់់ដាជាធរមាន, វប្បធម៌ដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ និងវប្បធម៌ដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមកនិយ័តករគណនេយ្យ និងសវនកម្ម។ ជាពិសេសត្រូវយកចិត្តទុកដាក់យកកាតព្វកិច្ចគណនេយ្យនិងសវនកម្មដែល កំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕